(យូអិន)៖ បេសកជនចិនលោក ហ្វូង កុង (Fu Cong) នាថ្ងៃសុក្រសប្តាហ៍នេះ បានព្រមានអង្គការសហប្រជាជាតិ (UN) ថាការគ្រប់គ្រង និងរំសាយអាវុធនុយក្លេអ៊ែរអន្តរជាតិ បានឈានដល់ចំណុចដ៏សំខាន់បំផុត ដោយសារតែបញ្ហាប្រឈមជាច្រើន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំមួយនៅអង្គការសហប្រជាជាតិ លោក Fu Cong ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនុយក្លេអ៊ែរ នៃក្រសួងការបរទេសចិនបាននិយាយថា ពិភពលោកកំពុងប្រឈមមុខជាមួយបញ្ហាធំៗជាច្រើន ដែលមិនធ្លាប់ជួបឡើយរយៈពេលរាប់សិបឆ្នាំមកនេះ ហើយស្ថានការណ៍សន្តិសុខអន្តរជាតិ កាន់តែមានភាពស្មុគស្មាញ និងគួរឲ្យបារម្ភខ្លាំងឡើងៗ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ លោក Fu បានបន្ទោសលើសហរដ្ឋអាមេរិក ដែលបានបោះចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាច្រើនជាមួយអ៊ីរ៉ង់ និងជាមួយរុស្ស៊ីជាដើម ហើយកំពុងតែព្យាយាមប្រែក្លាយទីអវកាស និងវិស័យព័ត៌មានវិទ្យាទៅជាសមរភូមិដ៏ក្តៅ គគុកថ្មីផ្សេងទៀត។ បើលោក Fu ទង្វើទាំងអស់នេះបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ស្ថិរភាពនៃយុទ្ធសាស្រ្តសកល និងបង្កើនហានិភ័យការផ្ទុះ សង្រ្គាមនុយក្លេអ៊ែរនៅលើពិភពលោក។
ជាចុងក្រោយបេសកជនចិនរូបនេះបានគូសបញ្ជាក់ថា ប្រទេសរបស់លោក នឹងបន្តដើរលើផ្លូវនៃការអភិវឌ្ឍប្រកបដោយសន្តិភាព ហើយគោរពតាមនីតិវិធី នៃការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងដើរតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ នៅក្នុងអភិបាលកិច្ចសន្តិសុខសកល និងចូលរួមចំណែកថ្មីៗបន្ថែមទៀត ទៅក្នុងកិច្ចរក្សាសន្តិសុខ និងសន្តិសុខទាំងក្នុងតំបន់ និងអន្តរជាតិ៕