(ម៉ូស្គូ)៖ កាលពីថ្ងៃសុក្រម្សិលមិញ វិមានក្រឹមឡាំងបានប្រាប់ថា ខ្លួននឹងពិចារណាលើការរៀបចំជំនួប រវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅប្រទេសឈីលី នាខែក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសស្កូវ (Dmitry Peskov) បាននិយាយថា បច្ចុប្បន្ន គឺពុំមានផែនការរឹងមាំជាក់លាក់ សម្រាប់ឲ្យជំនួបរវាងលោក ត្រាំ និង លោក ពូទីន ប្រព្រឹត្តទៅឡើយ ប៉ុន្តែវិមានក្រឹមឡាំងនឹងពិចារណា ក៏ដូចជាព្យាយាមដើម្បីឲ្យវាកើតឡើង។ កាលពីថ្ងៃអាទិត្យ មន្រ្តីវិមានក្រឹមឡាំង លោក យូរី អ៊ូស្សាកូវ (Yuri Ushakov) បានលើកឡើងថា ភាគីរុស្ស៊ីស្វាគមន៍ជានិច្ច ក្នុងការបើកកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក។
គួរជម្រាបថា កិច្ចប្រជុំនៃបណ្តាមេដឹកនាំប្រទេសកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក (APEC) នឹងប្រារព្ធឡើងនៅឈីលី ចាប់ពីថ្ងៃទី១៦ ដល់ទី១៧ ខែវិច្ឆិកា ខាងមុខនេះ។ ដោយឡែក លើកចុងក្រោយដែល លោក ដូណាល់ ត្រាំ និង លោក វ៉្លាឌីមៀ ពូទីន បានជួបគ្នា គឺកំឡុងការចូលរួមកិច្ចប្រជុំកំពូល G20 នៅឯប្រទេសជប៉ុន កាលពីខែមិថុនាកន្លងទៅ៕