(អ៊ីស្ដង់ប៊ូល)៖ យន្ដហោះចម្បាំងតួកគី និងកាំភ្លើងធំបាននិងកំពុងបើកការវាយប្រហារ យ៉ាងសន្ធាប់លើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទឃើដ នៅឯតំបន់ភាគខាងជើងប្រទេសស៊ីរី ដោយផ្ដាច់ជីវិតជិត៣០០នាក់ហើយ ព្រមទាំងបង្ខំឱ្យប្រជាជនស្លូតត្រង់រាប់ពាន់នាក់ទៀត រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។
តួកគីបានបើកប្រតិបត្តិការយោធាវាយលុក ចូលតំបន់ភាគខាងជើងប្រទេសស៊ីរី អស់រយៈពេលជាងបីថ្ងៃមកហើយ បន្ទាប់ពីលោក ដូណាល់ ត្រាំ សម្រេចចិត្តដកកងទ័ពអាមេរិក ដោយទុកក្រុមសកម្មយុទ្ធ ឃើដដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ប្រឈមមុខនឹងយោធាតួកគីតែម្នាក់ឯង។ ជាមួយគ្នានោះដែរបើតាមក្រសួងការពារជាតិតួកគី នៅក្នុងប្រតិបត្តិការយោធាបីថ្ងៃមកនេះ យោធាតួកគីបានផ្ដាច់ជីវិតកម្លំាងឃើដជិត ៣០០នាក់ ខណៈកងទ័ពតួកគីម្នាក់ផងដែរបានបាត់បង់ជីវិត។
គួរបញ្ជាក់ថា ប្រតិបត្តិការយោធារបស់តួកគី គឺមានគោលដៅធំចំនួន ២ ទីមួយបោសសំអាត ក្រុមសកម្មប្រយុទ្ធឃើដ YPG ដែលទីក្រុងអង់ការ៉ាចាត់ទុកថា «ជាអង្គការភេរវករ» និងពីរគឺបង្កើតតំបន់សុវត្ថិភាពមួយសម្រាប់ជនភៀសខ្លួនស៊ីរី ប៉ុន្តែប្រទេសធំៗជាច្រើន ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបចាត់ទុកទង្វើនេះជាការឈ្លានពានទឹកដីស៊ីរី ហើយបង្កវិនាសកម្មយ៉ាងធំធេងនៅក្នុងតំបន់។ បន្ថែមពីនេះ ទណ្ឌកម្មជាច្រើនក៏កំពុងរង់ចាំតួកគីផងដែរ៕