(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានអះអាងថា សហរដ្ឋអាមេរិកបានបង្កើតលេសមួយ ដើម្បីដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ដោយសារតែការព្រួយបារម្ភពីតំបន់អាស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃសុក្រនេះ លោក ពូទីន ក៏បានបញ្ជាក់ដែរថា ការដាក់ពង្រាយមីស៊ីលរយៈចំងាយមធ្យម និងរយៈចំងាយខ្លីនៅក្នុងតំបន់អាស៊ី គឺប៉ះពាល់ដល់ផលប្រយោជន៍របស់រុស្ស៊ីហើយថា វានឹងធ្វើឱ្យស្ថានភាពសន្តិសុខអន្តរជាតិកាន់តែអាក្រក់ឡើង។
លោកប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ពេលនេះពួកគេបានសម្រេចចិត្តធ្វើរឿងជាច្រើន ដោយប្រើលេសព្រួយបារម្ភពីតំបន់អាស៊ី.... ហើយយើងបានឃើញយ៉ាងច្បាស់ថា អ្វីដែលកំពុងកើតឡើងនោះ គឺក្រោយពួកគេចោទយើងថា រំលោភលើសន្ធិសញ្ញានុយក្លេអ៊ែរ INF ពួកគេស្រាប់តែធ្វើតេស្ដមីស៊ីលភ្លាម»។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានធ្វើតេស្ដមីស៊ីលបាលីស្ទីគអន្តរទ្វីប (មីស៊ីលផ្លោងឆ្លងទ្វីប) ប្រភេទមីនុតមែន-៣ (Minuteman III) ប្រកបដោយជោគជ័យ ក្រោយដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF (ឆ្នាំ១៩៨៧) ដែលហាមឃាត់ការធ្វើតេស្ដ និងដាក់ពង្រាយមីស៊ីលបាញ់បានចំងាយ ៥០០គីឡូម៉ែត្រឡើងទៅ៕