(ប៉ារីស)៖ មន្រ្តីជាន់ខ្ពស់បារាំងទទួលបន្ទុកកិច្ចការអឺរ៉ុបលោកស្រី អ៊ែមែលី ដឺ ម៉ុងឆាលីន (Amelie de Montchalin) នាថ្ងៃសុក្រនេះបានអះអាងថា ទណ្ឌកម្មរបស់សហភាពអឺរ៉ុប (EU) ប្រឆាំងនឹងតួកគី ជុំវិញការបើកប្រតិបត្តិការយោធានៅភាគខាងជើងស៊ីរី នឹងត្រូវលើកយកទៅពិភាក្សានៅក្រុមប្រឹក្សាអឺរ៉ុប នាសប្តាហ៍ក្រោយនេះហើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នារសៀលថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។
លោកស្រី Montchalin បានលើកឡើងថា កញ្ចប់ទណ្ឌកម្មខាងលើនឹងត្រូវយកទៅ ជជែកដេញដោលមតិគ្នានាសប្តាហ៍ក្រោយ នៅក្នុងក្រុមប្រឹក្សាសហភាពអឺរ៉ុប។ លោកស្រីបានបន្ថែមថា សហភាពអឺរ៉ុបមិនអាចនៅឱបដៃឈរមើល នៅពេលប្រឈមមុខនឹងស្ថានការណ៍ដ៏អាក្រក់ ដែលអាចបង្កហានិភ័យធ្ងន់ធ្ងរ ចំពោះប្រជាជនស៊ីវិលក្នុងប្រទេសស៊ីរី ក៏ដូចជាចំពោះស្ថិរភាពក្នុងតំបន់នោះឡើយ។
ជាមួយគ្នានេះប្រទេសហ្វាំងឡង់បានផ្អាកការលក់សព្វាវុធទៅឲ្យតួកគី បើទោះបីជាទីក្រុងអង់ការ៉ា បានក្លាយជាដៃគូវិស័យការពារជាតិដ៏ធំមួយ របស់ទីក្រុងហ៊ែលស៊ីនគីក៏ដោយ។ រីឯន័រវែសក៏បានធ្វើតាមហ្វាំងឡង់ដូចគ្នា ខណៈស៊ុយអែតបានស្នើឲ្យសហភាពអឺរ៉ុបទាំងមូល ផ្អាកការលក់សព្វាវុធ និងគ្រឿងបរិក្ខាការពារជាតិឲ្យតួកគីតែម្តង។ ដោយឡែកសហរដ្ឋអាមេរិកវិញ ក៏ទំនងជានឹងអាចដាក់ទណ្ឌកម្មលើតួកគីជុំវិញបញ្ហានេះដែរ ប៉ុន្តែការសភាអនុម័យសិន។
គួរជម្រាបថា តួកគីបានបើកប្រតិបត្តិការយោធានៅតំបន់ភាគខាងជើងស៊ីរី ក្រោមគោលដៅចម្បងប្រឆាំងនឹងកងកម្លាំងឃើដ បន្ទាប់ពីសហរដ្ឋអាមេរិក បានសម្រេចដកកងទ័ពរបស់ខ្លួនចេញពីតំបន់នោះ។ ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ បានអះអាងថា ប្រតិបត្តិការយោធានេះមានគោលដៅកម្ទេចក្រុមភេរវករ ចេញពីតំបន់ព្រំដែនតួកគី-ស៊ីរី ហើយបង្កើតតំបន់សន្តិសុខមួយ ដើម្បីស្តារសន្តិភាពនៅព្រំដែន រវាងប្រទេសទាំងពីរឡើងវិញ៕