(វ៉ាស៊ីនតោន)៖ យានអវកាស Dragon ស៊េរីថ្មីរបស់ក្រុមហ៊ុនអវកាស SpaceX នឹងរួចរាល់សម្រាប់ការនាំយកអវកាសយានិក ឡើងទៅកាន់លំហអវកាសជាលើកដំបូង នៅកំឡុងត្រីមាសទីមួយនៃឆ្នាំ២០២០ ប្រសិនបើការធ្វើតេស្តនានា ក្នុងពេលខាងមុខ ប្រព្រឹត្តទៅតាមការគ្រោងទុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។
ប្រធានទីភ្នាក់ងារអវកាសអាមេរិក លោក Jim Bridenstine បានបង្ហាញក្តីសង្ឃឹមដូចខាងលើ បន្ទាប់ពីលោកបានចុះទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SpaceX ក្នុងរដ្ឋ Hawthorne នៃរដ្ឋកាលីហ្វរញ៉ា រួមជាមួយវត្តមាននាយកប្រតិបត្តិរបស់ SpaceX គឺ លោក Elon Musk។ យ៉ាងណាមិញ លោក Bridenstine បានបញ្ជាក់ថា កាលបរិឆ្ឆេទខាងលើ គឺអាស្រ័យទៅលើគម្រោងធ្វើតេស្តមួយចំនួនលើយាន Dragon ដែល SpaceX នឹងធ្វើឡើងជាបន្តបន្ទាប់ក្នុងនាពេលខាងមុខ។
លោកប្រធានអង្គការ NASA បានបន្ថែមថា ការអភិវឌ្ឍយាន Dragon ថ្មីដោយជោគជ័យ គឺជាកូនសោដ៏សំខាន់ ដើម្បីឈានទៅសម្រេចគោលដៅចម្បងរបស់ NASA គឺការនាំយកអវកាសយានិកអាមេរិកឡើងទីអវកាស តាមរយៈគ្រាប់រ៉ុក្កែតនិងយានអវកាសរបស់អាមេរិក ចេញពីទឹកដីរបស់សហរដ្ឋអាមេរិកផ្ទាល់តែម្តង គិតចាប់តាំងតែពីកម្មវិធីយាន Space Shuttle បានបិទបញ្ចប់ទៅកាលពីឆ្នាំ២០១១។
គួរជម្រាបថា កន្លងទៅទីភ្នាក់ងារអវកាស NASA និង SpaceX មានគោលដៅធ្វើតេស្តហោះហើរយាន Dragon ស៊េរីថ្មី ហៅថា Crew Dragon ជាលើកដំបូង ជាមួយអវកាសយានិកពីរនាក់ ដើម្បីឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ នៅក្នុងឆ្នាំ២០១៩នេះ ប៉ុន្តែការធ្វើតេស្តកន្លងមកបានជួបបញ្ហាមួយចំនួន៕