(សាន់ ហ្វ្រាន់ស៊ីស្កូ)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Apple លោក Tim Cook បានចេញមុខការពារការសម្រេចចិត្ត របស់លោកដោយលុបចោលកម្មវិធី ឬ app មួយដែលជួយសម្រួលដល់ក្រុមបាតុករក្រុងហុងកុង កំណត់ទីតាំងរបស់ ប៉ូលិស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងលិខិតមួយផ្ញើជូនបុគ្គលិក Apple លោក Tim Cook ក៏បានអះអាងដែរថា ការសម្រេចចិត្តនេះគឺជារឿងមួយ ដ៏ពិបាក ប៉ុន្តែវាគឺជាមធ្យោបាយដ៏ល្អដើម្បីការពារអ្នកប្រើប្រាស់ផលិត Apple។ លិខិតដដែល បានគូសបញ្ជាក់ដូច្នេះថា៖ « កម្មវិធី ឬ app នេះត្រូវបានប្រើប្រាស់ក្នុងការកំណត់ទីតាំងរបស់ប៉ូលិស ហើយយើងបានផ្ទៀងផ្ទាត់ជាមួយការិយាល័យ សន្តិសុខព័ត៌មានវិទ្យា និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាហុងកុងថាកម្មវិធីនេះ ក៏ត្រូវបានគេប្រើប្រាស់ផងដែរ ដើម្បីកំណត់ គោលដៅ និងវាយប្រហារលើប៉ូលិស...ដែលនេះគឺជាទង្វើគំរាមកំហែងសុវតិ្ថភាពសាធារណៈ, ការអនុវត្តច្បាប់ ព្រមទាំង ប្រជាជននៅក្នុងតំបន់»។
គួរបញ្ជាក់ថា នៅថ្ងៃពុធសប្ដាហ៍នេះ ក្រុមហ៊ុន Apple បានលុបចោលកម្មវិធី HKmap.live ដែលជួយសម្រួលដល់ ក្រុមបាតុករហុងកុង កំណត់ទីតាំងស្ថិតនៅ និងសកម្មភាពរបស់ប៉ូលិស បន្ទាប់ពីកាសែតរដ្ឋចិនសម្ដែងការខឹងសម្បារ និងរិះគន់យ៉ាងខ្លាំងចំពោះក្រុមហ៊ុន Apple ដែលបណ្ដោយឱ្យ software នេះត្រូវបានប្រើប្រាស់លើ App Store៕