(ឈីលី)៖ ជាងពីរសប្តាហ៍មុនមានដុំបាល់ភ្លើងមានមួយចំនួន ហោះធ្លាក់ចុះមកចំប្រទេសឈីលី។ ក្រោយការវិភាគក្រុមជំនាញបានបញ្ជាក់ថា ពួកវាមិនមែនជាបំណែកអាចម៍ផ្កាយនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅរសៀលថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។
ដុំបាល់ភ្លើងមិនដឹងប្រភពច្បាស់លាស់ទាំងនោះ បានធ្លាក់នៅក្នុងទីក្រុងដាលខាហឺ (Dalcahue) នៃកោះឈីលឿ (Chiloe) របស់ឈីលី កាលពីថ្ងៃទី២៥ ខែកញ្ញា នៅទីតាំង០៧កន្លែងខុសៗគ្នា ហើយបង្កឲ្យមានភ្លើងឆេះ ប៉ុន្តែត្រូវបានពន្លត់ទៅវិញភ្លាមៗ។ ពីដំបូងឡើយតារាវិទូឈីលីបានសន្និដ្ឋានថា ពួកវាអាចបំណេកអាចម៍ផ្កាយ ឬមួយក៏សំរាមអវកាសដែលធ្លាក់មកពីកំណត់គ្រាប់រ៉ុក្កែត ឬក៏ផ្កាយរណប។
គួរជម្រាបថា យ៉ាងណាមិញប៉ុន្មានថ្ងៃក្រោយមក ក្រុមអ្នកជំនាញទាំងនោះ បានចេញលទ្ធផលវាយតម្លៃផ្លូវការថា នៅទីតាំងទាំង ០៧កន្លែង ដែលដុំបាល់ភ្លើងបានធ្លាក់ គឺពុំមានផ្ទុកស្លាកស្នាមនៃបំណែកអាចម៍ផ្កាយឡើយ។ ប្រការនេះបានន័យថា ពួកវាទំនងជាបំណែកកំណាត់គ្រាប់រ៉ុក្កែត ឬផ្កាយរណប។ យ៉ាងណាក៏ដោយ ពួកគេនឹងបន្តការវិភាគលម្អិតថែមទៀត ដើម្បីបញ្ជាក់ឲ្យច្បាស់៕