(វ៉ាស៊ីនតោន)៖ មន្រ្តីជាន់ខ្ពស់មួយរូប នៃក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោននឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារវាងយោធាតួកគី និងកងកម្លាំងឃើដនៅភាគខាងជើងប្រទេសស៊ីរី ខណៈបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ក៏កំពុងស្វះស្វែងផងដែរក្នុងរឿងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។
មន្រ្តីខាងលើបាននិយាយដូច្នេះថា «សម្រាប់គោលជំហររបស់យើង ទង្វើដែលតួកគីកំពុងបង្កឡើង គឺជាកំហុសមួយ ហើយយើងនឹងខិតខំព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីបញ្ឈប់រឿងនេះ»។ មន្រ្តីអាមេរិកបានបន្តថា ក្នុងករណីដែលប្រតិបត្តិការយោធាតួកគីនៅភាគខាងជើងស៊ីរី ប៉ះពាល់ខ្លាំងដល់ជនស៊ីវិលស្លូតត្រង់ ទីក្រុងវ៉ាស៊ីនតោនអាចនឹងដាក់ទណ្ឌកម្មលើទីក្រុងអង់ការ៉ា។
បើតាមមន្រ្តីអាមេរិកដដែល តួកគីបានព្យាយាមចង់សុំការគាំទ្រយោធាពីសហរដ្ឋអាមេរិក សម្រាប់ប្រតិបត្តិការរបស់ខ្លួន ប៉ុន្តែត្រូវបានបដិសេធ។ ជាមួយគ្នានេះយោងតាមប្រភពដដែល ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្គាប់ឲ្យមន្រ្តីអាមេរិករកមធ្យោបាយជាបន្ទាន់ ដើម្បីបង្កើតបទឈប់បាញ់រវាងតួកគី និងក្រុមឧទ្ទាមឃើដនៅស៊ីរី។ លោក ត្រាំ ក៏បានលើកឡើងផងដែរនូវវីធីសាស្រ្តចំនួន ០៣ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាថ្មីៗនេះ នៅភាគខាងជើងស៊ីរី ដោយក្នុងនោះមធ្យោបាយមួយ គឺការបង្កើតកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលតួកគី និងក្រុមឃើដតែម្តង។
គួរជម្រាបថា ប្រតិបត្តិការយោធាឈ្មោះថា ប្រតិបត្តិការសន្តិភាពនិទាឃរដូវ (Operation Peace Spring) បានចាប់ផ្តើមកាលពីថ្ងៃពុធសប្តាហ៍នេះ នៅតំបន់ភាគខាងជើងប្រទេសស៊ីរី ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងឃើដ។ តួកគីបានបើកប្រតិបត្តិការយោធានេះ បន្ទាប់ពីលោក ដូណាល់ ត្រាំ សម្រេចដកកងទ័ពអាមេរិកចេញពីតំបន់នោះ ដែលក្នុងន័យម៉្យាងគឺប្រៀបដូចជា ការបើកផ្លូវឲ្យតួកគីយ៉ាងដូច្នោះឯង បើទោះបីជាទីក្រុងវ៉ាស៊ីនតោនអះអាងថា មិនគាំទ្រប្រតិបត្តិយោធារបស់តួកគីក៏ដោយ។
បើតាមប្រធានាធិបតីតួកគីលោក អឺដូហ្គាន់ យោធារបស់លោកបានផ្តាច់ជីវិតអ្នកប្រយុទ្ធឃើដយ៉ាងតិច ២១៩នាក់ហើយកំឡុងប្រតិបត្តិការនេះ ខណៈមានសេចក្តីរាយការណ៍ព័ត៌មានថា ជនស៊ីវិលមួយចំនួនក៏បានបាត់ជីវិតផងដែរ៕