Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អឺដូហ្គាន់ ចេញមុខការពារប្រតិបត្តិការយោធារបស់តួកគី នៅភាគខាងជើងស៊ីរី

10-10-2019 21:36

(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ បានចេញមុខនិយាយការពារ ការបើកប្រតិបត្តិការយោធារបស់តួកគី នៅឯតំបន់ ភាគខាងជើងប្រទេសស៊ីរី ចំពោះមុខការរិះគន់ពីសំណាក់អន្តរជាតិ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩។

លោក អឺដូហ្គាន់ បានលើកឡើងថា ប្រតិបត្តិការយោធារបស់តួកគីនៅភាគខាងជើងស៊ីរី គឺមានគោលដៅទប់ស្កាត់កាលេចរូបរាង ឡើងនៃច្រកផ្លូវភេរវកម្មនៅព្រំដែនភាគខាងត្បូងរបស់ប្រទេសតួកគី និងស្តារសន្តិភាពជាថ្មីនៅតំបន់ព្រំដែនតួកគី-ស៊ីរី ហើយជួយ ឲ្យជនភៀសខ្លួនស៊ីរីរាប់លាននាក់ អាចវិលត្រឡប់ទៅមាតុភូតវិញ។

ដោយឡែក លោក អឺដូហ្គាន់ បានព្រមានបើកទ្វារឲ្យ ជនភៀសខ្លួនស៊ីរី៣.៦លាននាក់ ដែលកំពុងស្ថិតនៅតួកគី ចូលទៅកាន់អឺរ៉ុប ប្រសិនបើប្រទេសអឺរ៉ុបណា ហ៊ានហៅប្រតិបត្តិការយោធារបស់តួ កគីថាជា ការដណ្តើមកាន់កាប់ទឹកដី។ តួកគីបានបើកប្រតិបត្តិការ យោធាប្រឆាំងនឹងកងកម្លាំងឃើដនៅភាគខាងជើងស៊ីរី កាលពីថ្ងៃពុធម្សិលមិញនេះ ប៉ុន្មានថ្ងៃក្រោយអាមេរិកដកទ័ពចេញពីតំបន់ នោះ ខណៈប៉ុន្មានឆ្នាំកន្លងទៅនេះ អាមេរិកធ្លាប់សហការជាមួយឃើដ ក្នុងយុទ្ធនាការកម្ចាត់ក្រុមភេរវករ ISIS នៅស៊ីរី។

គួរជម្រាបថា សហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំង អ៊ីរ៉ង់ សម្ព័ន្ធប្រទេសអារ៉ាប់ សហភាពអឺរ៉ុប និងអង្គការសហប្រជាតិ សុទ្ធតែបាន បង្ហាញក្តីព្រួយបារម្ភជាខ្លាំង ជុំវិញការសម្រេចចិត្តបើកប្រតិបត្តិការយោធារបស់តួកគី នៅក្នុងទឹកដីរបស់ប្រទេសស៊ីរី៕