(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ការអត់ធ្មត់របស់ខ្លួនមានដែនកំណត់ ហើយអាចនឹងពិចារណាឡើងវិញ ពាក់ព័ន្ធនឹងការស្ដារទំនាក់ទំនង និងទំនុកចិត្តជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទូរទស្សន៍រដ្ឋ KCNA ក្រសួងការបរទេសកូរ៉េខាងជើង ក៏បានថ្កោលទោសការធ្វើតេស្ដមីស៊ីលរបស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ព្រមទាំងរិះគន់ការអំពាវនាវពីក្រុមប្រឹក្សាសន្តិសុខ UN ឱ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែរផងដែរ។
សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់យ៉ាងដូច្នេះថា «ការអត់ធ្មត់របស់យើងមានដែនកំណត់ ហើយក៏គ្មានច្បាប់ណាមួយចែងពីការអត់ធ្មត់របស់យើងដែរ... ប៉ុន្តែការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រុមប្រឹក្សាសន្តិសុខ UN ជុំវិញសិទ្ធិការពារខ្លួនឯងអាចនឹងជំរុញឱ្យពួកយើង ពិចារណាឡើងវិញពីការស្ដារទំនាក់ទំនង និងទំនុកចិត្តជាមួយអាមេរិក»។
គួរបញ្ជាក់ថា ក្រសួងការបរទេសកូរ៉េខាងជើងមិនបានបញ្ជាក់លម្អិតថា នឹងចាត់វិធានការបែបណានោះទេ ប៉ុន្តែបានសង្កត់ធ្ងន់លើការធ្វើតេស្ដ មីស៊ីលបាលីស្ទីគអន្តរទ្វីប (មីស៊ីលផ្លោងឆ្លងទ្វីប) ប្រភេទមីនុតមែន-៣ (Minuteman III) ពីសំណាក់កងទ័ពអាមេរិកកាលពីសប្ដាហ៍មុន៕