(លីយ៉ុង)៖ នៅក្នុងកិច្ចប្រជុំមួយដែលធ្វើឡើងនៅទីក្រុងលីយ៉ុង (Lyon) ប្រទេសបារាំង លោកប្រធានាធិបតី អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង បានលើកឡើងថា ម្ចាស់ជំនួយអន្តរជាតិទាំងអស់កំពុងរៀបចំប្រមូលថវិកាឲ្យបាន ១៤ពាន់លានដុល្លារអាមេរិក ដើម្បីទ្រទ្រង់ដល់ការប្រយុទ្ធប្រឆាំងជំងឺអេដស៍ (AIDS) ជាចម្បង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩។
ចំពោះមុខភ្ញៀវកិត្តិយស ដែលភាគច្រើនជាម្ចាស់ជំនួយធំៗរបស់អន្តរជាតិ លោក ម៉ាក្រុង បានលើកឡើងយ៉ាងដូច្នេះថា «នៅរយៈពេលតែបីម៉ោងទៀតប៉ុណ្ណោះ យើងគួរតែទទួលបានថវិការហូតដល់ ១៤ពាន់លានដុល្លារអាមេរិក...។ បារាំងតែឯងប៉ុណ្ណោះ អាចបរិច្ចាគរហូតដល់ជិត ១.៥ពាន់លានដុល្លារទៅហើយ...»។ ថវិកាទាំងនេះមិនត្រឹមតែសម្រាប់ប្រយុទ្ធប្រឆាំងជំងឺអេដស៍នោះទេ ប៉ុន្តែវាក៏នឹងត្រូវប្រើសម្រាប់ទប់ទល់ជំងឺគ្រុនចាញ់ និងរបេងផងដែរនៅទូទាំងពិភពលោក។
គួរបញ្ជាក់ថា ជំនួយខាងលើនេះ នឹងត្រូវផ្តល់ទៅកាន់ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ដែលបម្រើការងារពាក់ព័ន្ធសកម្មភាពប្រយុទ្ធប្រឆាំងជំងឺខាងលើ ជាពិសេសមេរោគអេដស៍។ បើសិនជាទទួលបានថវិកា ១៤ពាន់លានដុល្លារដូចការគ្រោងទុកមែននោះ សប្បុរសជនទាំងអស់រំពឹងថា វានឹងអាចប្រើប្រាស់ដើម្បីសង្គ្រោះជីវិតមនុស្ស ១៦លាននាក់ ព្រមទាំងអប់រំណែនាំមនុស្ស ២៣៤លាននាក់ទៀតឲ្យបានយល់ដឹង និងគេចផុតពីជំងឺដ៏កាចសាហាវទាំងនេះ៕