(ម៉ានីល)៖ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន ត្រូវបានប្រជាជនហ្វីលីពីនរិះគន់ធ្ងន់ៗ ពាក់ព័ន្ធនឹងការបញ្ចេញមតិមួយ លើបញ្ហាកកស្ទះចរាចរណ៍ដ៏អាក្រក់នៅក្នុងរដ្ឋធានីម៉ានីល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩។
ខណៈស្ថានភាពចរាចរណ៍កាន់តែកកស្ទះខ្លាំងឡើង ហើយមធ្យោបាយដូចជារថភ្លើងជាដើម បានគាំងដំណើរការញឹកញាប់ថែមទៀតនោះ អ្នកធ្វើដំណើរក្នុងប្រទេសហ្វីលីពីនមានការមិនពេញចិត្តជាខ្លាំង។ ក៏ប៉ុន្តែលោក សាលវ៉ាដឺ ផេណេឡូ (Salvador Panelo) អ្នកនាំពាក្យរបស់លោក ឌូតឺតេ បែរជាបានប្រាប់ប្រជាជនហ្វីលីពីនថា ប្រសិនបើពួកគេចង់ទៅដល់កន្លែងណាមួយឲ្យទាន់ពេល ពួកគេគួរតែព្យាយាមចេញដំណើរឲ្យបានលឿនបន្តិចទៅ។
ប្រការនេះធ្វើឲ្យមហាជនក៏ដូចជាសកម្មជនហ្វីលីពីន និយាយរិះគន់លើលោក Panelo យ៉ាងដំណំ។ ពួកគេបានលើកឡើងថា ការប្រើសម្តីបែបនេះគឺមានន័យថា លោក Panelo មិនដឹងពីស្ថានភាពជាក់ស្តែង នៃបញ្ហាការធ្វើដំណើររបស់ប្រជាជនហ្វីលីពីន នៅក្នុងទីក្រុងម៉ានីលនោះឡើយ។ ក្រោយមកនេះលោក Panelo ក៏បានសន្យាថា នឹងនាំយកបញ្ហាស្តីពីមធ្យោបាយធ្វើដំណើរសាធារណៈ ទៅជជែកនៅវិមានប្រធានាធិបតីនាថ្ងៃសុក្រសប្តាហ៍នេះ។
គួរជម្រាបថា ទីក្រុងម៉ានីលដែលមានប្រជាជនហ្វីលីពីនរស់នៅជិត ០២លាននាក់ គឺជាទីក្រុងដែលកកកុញជាងគេបំផុតមួយនៅលើពិភពលោក។ កាលពីឆ្នាំ២០១៥ រដ្ឋធានីនៃប្រទេសហ្វីលីពីនបានជាប់ឈ្មោះ ជាទីក្រុងដែលមានការកកស្ទះចរាចរណ៍អាក្រក់បំផុត៕