(សេអ៊ូល)៖ តម្លៃប្រេងនៅលើទីផ្សារពិភពលោក បានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ ខណៈមានក្ដីសង្ឃឹមតិចតួចនៅឡើយ ពីភាពរីកចម្រើននៅក្នុងកិច្ចចរចាពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩។
តម្លៃប្រេងឆៅអឺរ៉ុប ប្រ៊ែនត៍ (Brent) បានធ្លាក់ចុះចំនួន ២៦សេន ឬ ០.៥ភាគរយមកនៅត្រឹម ៥៨.០៥ដុល្លារក្នុងមួយបារែល រីឯប្រេងឆៅអាមេរិក WTI (West Texas Intermediate crude) មានតម្លៃ ៥២.៣៨ដុល្លារក្នុងមួយបារែល ដោយសារទើបធ្លាក់ចុះ ២១សេន ឬ ០.៤ភាគរយពីតម្លៃមុន។
គួរបញ្ជាក់ថា ការធ្លាក់ចុះតម្លៃប្រេងនេះកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយមានសេចក្ដីរាយការណ៍ជាច្រើនថា ចិនមានសង្ឃឹមតិចតួចពីមានភាពរីកចម្រើននៅក្នុងកិច្ចចរចា ដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្មអស់រយៈពេល ១៥ខែមកនេះជាមួយសហរដ្ឋអាមេរិក ដោយតែការចាត់វិធានការរឹតត្បិត ការផ្ដល់ទិដ្ឋាការដល់ក្រុមមន្ត្រីចិនមួយចំនួន ដែលទីក្រុងវ៉ាស៊ីនតោនចោទថា មានជាប់ពាក់ព័ន្ធនឹងការំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ លើជនជាតិភាគតិចនៅក្នុងតំបន់ស៊ីនជាំង ខណៈចិនទើបចេញមុខបដិសេធនូវ រាល់ការចោទប្រកាន់ទាំងអស់ និងត្រៀមចាត់វិធានការសងសឹកអាមេរិកវិញផងដែរ៕