(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីភ្នាក់ងារអវកាសរុស្ស៊ី រ៉ូសកូសម៉ូស (Roscosmos) បានដាក់ពាក្យសុំប្រកាសសិទ្ធិលើបច្ចេកវិទ្យាផ្កាយរណប ដែលអាចកែប្រែរូបរាងវាបាន ដើម្បីបំបាំងខ្លួនពីផ្កាយរណបឈ្លបការណ៍របស់បរទេស។

 

២៖ ព្យុះទីហ្វុងដ៏ខ្លាំងមួយឈ្មោះ ហាជីប៊ីស (Hagibis) ត្រូវបានគេព្យាករណ៍ថាកំពុងសំដៅឆ្ពោះមករកកោះធំរបស់ ប្រទេសជប៉ុនគឺកោះ ហុនហ្ស៊ុ (Honshu) ហើយវាអាចនឹងបោកបក់កាត់ចំតំបន់ តាន់តូ (Kanto) នៅចុងសប្តាហ៍នេះ។

 

៣៖ ទីប្រឹក្សាប្រធានាធិបតីតួកគីបានឲ្យដឹងថា លោក អឺដូហ្គាន់ និងលោក ដូណាល់ ត្រាំ បានព្រមព្រៀងគ្នាផ្ទេរការដឹកនាំយុទ្ធនាការកម្ទេចក្រុមភេរវករ ISIS នៅស៊ីរីមកឲ្យតួកគី។ ហេតុដូចនេះតួកគីនឹងលើកទ័ព​ឆ្លងចូលទឹកដីភាគខាងជើងប្រទេសស៊ីរី ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។

 

៤៖ ប្រទេសសិង្ហបុរីបានវ៉ាដាច់សហរដ្ឋអាមេរិក ឡើងទៅឈរលេខរៀងទី១ ក្នុងនាមជាប្រទេសដែលមាន សេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងជាងគេបំផុត នៅលើពិភពលោកក្នុងឆ្នាំ២០១៩ នេះតែម្តង។

 

៥៖ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងដាក់ការរឹតត្បិតលើការផ្ដល់ទិដ្ឋាការដល់ក្រុមមន្ត្រីចិនមួយចំនួន រួមទាំងសមាជិកគ្រួសាររបស់ពួកគេដែលអាមេរិកចោទថា មានជាប់ពាក់ព័ន្ធនឹងការគាបសង្កត់ និងធ្វើទុក្ខបុកម្នេញ លើជនជាតិដើមភាគតិចម៉ូស្លីមអ៊ុយហ្គឺ (Uighurs)។

 

៦៖ មេដឹកនាំនៃក្រុមភេរវករអាល់កៃដា (al-Qaeda) សាខាប្រចាំតំបន់អាស៊ីខាងត្បូង ត្រូវបានកងកម្លាំងចំរុះ អាមេរិក-អាហ្វហ្គានីស្ថាន ផ្តាច់ជីវិតបាត់ទៅហើយនៅភាគខាងត្បូងប្រទេស អាហ្វហ្គានីស្ថាន កាលពីចុងខែកញ្ញាកន្លងទៅនេះ៕