(ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នឹងស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បើកកិច្ចប្រជុំកំពូលក្រៅផ្លូវការមួយ ក្នុងសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀល ថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩។
ជំនួបខាងលើនឹងរៀបចំឡើងនៅថ្ងៃទី១១-១២ ខែតុលានេះ ក្នុងទីក្រុង Chennai ភាគខាងត្បូងប្រទេសឥណ្ឌា។ កាលពីឆ្នាំ២០១៨ មេដឹកនាំនៃប្រទេសទាំងពីរ ធ្លាប់បានជួបពិភាក្សាគ្នានៅទីក្រុង Wuhan ប្រទេសចិន ក្រោមគោលដៅស្តារស្ថិរភាពនៃទំនាក់ទំនង ក្រោយមានការប្រឈមមុខដាក់គ្នានៅតំបន់ជម្លោះព្រំដែន។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា ជំនួបកំពូលក្រៅផ្លូវនៅទីក្រុង Chennai នឹងផ្តល់ឱកាសឲ្យលោក ស៊ី និង លោក Modi បន្តកិច្ចពិភាក្សាជុំវិញបញ្ហាសំខាន់ៗជាច្រើន ស្តីពីចំណងទ្វេភាគី ស្ថានការណ៍ក្នុងតំបន់និងអន្តរជាតិ ហើយបន្តផ្លាស់ប្តូរទស្សនៈលើការធ្វើឲ្យភាពជាដៃគូអភិវឌ្ឍន៍រវាងឥណ្ឌានិងចិន កាន់តែជិតស្និទ្ធ និងស៊ីជម្រៅជាងមុនថែមទៀត។
គួរជម្រាបថា ការសម្រេចចិត្តរបស់ឥណ្ឌា កាលពីខែសីហាកន្លងទៅ ស្តីពីការដកស្វ័យភាពរបស់តំបន់ជម្លោះកាស្មៀរ ដែលទទួលរងការរិះគន់ធ្ងន់ៗពីប្រទេសប៉ាគីស្ថាន ខណៈចិនដែលនៅខាងប៉ាគីស្ថាន បានលើកយកបញ្ហានោះ ឡើងទៅជជែកដល់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិថែមទៀតផង៕