(វ៉ាស៊ីនតោន)៖ អតីតបេក្ខនារីប្រធានាធិបតីអាមេរិក នៃគណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីនតុន បានបញ្ចេញប្រតិកម្មតបតទៅនឹងលោក ដូណាល់ ត្រាំ វិញហើយ ក្រោយប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា លោកស្រីគួរតែចូលរួមប្រកួតប្រជែង ក្នុងបោះឆ្នោតជាថ្មីនៅឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍អាមេរិក PBS NewsHour នៅថ្ងៃអង្គារសប្ដាហ៍នេះ (ក្នុងទីក្រុងវ៉ាស៊ីនតោន) លោកស្រី គី្លនតុន បានលើកឡើងយ៉ាងដូច្នេះថា «កុំព្យាយាមលួងលោមខ្ញុំ... ចូរអ្នក (លោក ត្រាំ) ធ្វើតែការងាររបស់អ្នកឱ្យតែល្អទៅ... ហើយទោះជាវាមិនចាំបាច់ចូលរួមប្រកួតប្រជែងជាថ្មីក៏ដោយ តែខ្ញុំអាចផ្ដួលអ្នកបាន»។
គួរបញ្ជាក់ថា លោកស្រី ហ៊ីលឡារី គ្លីនតុន ធ្លាប់បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីខែមីនាថា លោកស្រីមិនមានបំណងចូលរួមក្នុងការប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតី អាមេរិកនៅឆ្នាំ២០២០នោះទេ បើទោះបីជាមានពាក្យចចាមអារ៉ាមខ្លះលើកឡើងថា លោកស្រីអាចនឹងចូលរួមជាលើកទីបីក៏ដោយ។ រំលឹកកាលពីការបោះឆ្នោតប្រធានាធិបតីអាមេរិក នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកស្រី គ្លីនតុន មិនបានទទួលជោគជ័យ តាមរយៈការបោះឆ្នោតពីសំណាក់ក្រុមអ្នកតំណាងនោះឡើយ ប៉ុន្តែលោកស្រីបានទទួលសំឡេងឆ្នោតប្រជាប្រិយ (Popular Votes) លើសលោក ដូណាល់ ត្រាំ រហូតដល់ទីជាង ៣លានសំឡេង៕