(ប៉ារីស)៖ បុរសជាជនជាតិជប៉ុនម្នាក់ត្រូវបានចោរឆក់យកនាឡិកាមួយគ្រឿង មានតម្លៃដល់ទៅ ៨៤០,០០០ដុល្លារអាមេរិក ក្នុងទីក្រុងប៉ារីសនៅថ្ងៃអង្គារសប្ដាហ៍នេះ ខណៈប៉ូលិសបារាំង កំពុងទប់ស្កាត់អំពើឆក់ប្លន់ ដែលមានគោលដៅលើភ្ញៀវទេសចរអ្នកមានៗនៅក្នុងរដ្ឋធានី នៃប្រទេសអឺរ៉ុបដ៏ពេញនិយមមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩។
ជនរងគ្រោះខាងលើមានអាយុ ៣០ឆ្នាំ បានចេញក្រៅសណ្ឋាគារផ្កាយប្រាំ អូតែល-ណាប៉ូឡេអុង (Hotel Napoleon) របស់ខ្លួនស្ថិតនៅក្បែរតំបន់ អាកឌេត្រុមប៉េ (Arc de Triomphe) ប៉ុន្តែភ្លាមៗនោះត្រូវបានចោរម្នាក់ដែលបន្លំខ្លួនធ្វើជាអ្នកសុំបារីជក់ ហើយក៏បានឆក់យកនាឡិកាចេញពីដៃជនជាតិជប៉ុនរូបនោះ និងរត់ទៅបាត់ស្រមោលតែម្ដង។ ដោយឡែកបើតាមប្រព័ន្ធផ្សព្វផ្សាយ នាឡិកាដែលត្រូវចោរឆក់នោះគឺជាម៉ាកនាឡិកាដំាពេជ្រស្វីស រីឆាដ មាល (Richard Mille) ដែលមានតម្លៃខ្ទង់ ៨៤០,០០០ដុល្លារអាមេរិក។
គួរបញ្ជាក់ថា នាឡិកា Richard Mille ចំនួន ០៤គ្រឿងផ្សេងទៀតក៏ធ្លាប់ត្រូវបានចោរឆក់ផងដែរ ដោយនាឡិកាទាំងនេះក្នុងមួយគ្រឿងមានតម្លៃយ៉ាងហោចណាស់ ១០៩,០០០ដុល្លារ នៅក្នុងចំណោមអំពើឆក់ប្លន់ ៧១ករណីនៅក្នុងទីក្រុងប៉ារីស និងតំបន់ជាយក្រុងចន្លោះពីខែមករា ដល់ខែកញ្ញាកន្លងទៅ។ ប៉ុន្តែជនរងគ្រោះជាជនជាតិជប៉ុនខាងលើ អាចជាអ្នកមានសំណាងជាគេ ព្រោះប៉ូលិសបានរកឃើញទូរស័ព្ទដៃរបស់ជនល្មើស ដែលធ្លាក់នៅកន្លែងកើតហេតុ ស្របពេលការស៊ើបអង្កេតកំពុងធ្វើឡើង៕