(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះ បានអះអាងថាទីក្រុងប៉េកាំង គ្មានបំណងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកឡើយ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ជំរុញជាសាធារណៈឱ្យចិនបើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹងបេក្ខជនប្រធានាធិបតីមក ពីបក្សប្រជាធិបតេយ្យ លោក Joe Biden។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានគូសបញ្ជាក់ដូច្នេះថា៖ « ចិនតែងតែគោរពជានិច្ចនូវគោលការណ៍មិនលូកដៃចូល កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ...ដូច្នេះចិនគ្មានបំណងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់សហរដ្ឋអាមេរិកនោះទេ ហើយគោលជំហររបស់យើងនៅតែដដែល និងច្បាស់លាស់ចំពោះ បញ្ហានេះ»។
គួរបញ្ជាក់ថា ប្រតិកម្មរបស់ទីក្រុងប៉េកាំង កើតមានឡើងក្រោយ លោក ដូណាល់ ត្រាំ ជំរុញឱ្យចិន ស៊ើបអង្កេតលើលោក Joe Biden និងកូនប្រុស ពីបទពុករលួយ។ លោក ត្រាំ បច្ចុប្បន្ន កំពុងប្រឈម មុខនឹងការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីដកលោកពីតំណែងប្រធានាធិបតី ដោយសារតែលោក ត្រូវបានគេចោទថា ស្នើសុំជំនួយពីបរទេស (អ៊ុយក្រែន) ក្នុងគោលបំណងបំបាក់ គូប្រជែងរបស់ខ្លួន មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០៕