(ញូយ៉ក)៖ អគ្គលេខាធិការរបស់អង្គសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) បានប្រាប់ថា ស្ថាប័នអន្តរជាតិកំពូលមួយនេះប្រហែលជានឹងអស់កញ្ចប់ថវិកាសម្រាប់ផ្គត់ផ្គង់ នៅចុងខែតុលា ឆ្នាំ២០១៩នេះហើយ។
យោងតាមសាររបស់លោក Guterres ផ្ញើទៅកាន់បុគ្គលិកទាំងអស់របស់អង្គការសហប្រជាជាតិ (UN) ដែលទីភ្នាក់ងារ ព័ត៌មាន AFP ទទួលបាន លោក Guterres បាននិយាយថា ចំណាត់ការមួយចំនួន នឹងត្រូវធ្វើឡើងដើម្បីធានាដល់ការបើកប្រាក់ខែសម្រាប់បុគ្គលិករាប់ពាន់នាក់របស់អង្គការសហប្រជាជាតិ (UN)។
បើតាមលោកប្រមុខអង្គការសហប្រជាជាតិមកទល់ពេលនេះ រដ្ឋជាសមាជិកបានផ្តល់ថវិកាត្រឹមតែ ៧០ភាគរយប៉ុណ្ណោះ នៃចំនួនសរុបត្រូវការសម្រាប់កញ្ចប់ថវិកា ដើម្បីធ្វើប្រតិបត្តិការទូតរបស់ UN ក្នុងឆ្នាំ២០១៩នេះ។ លោក Guterres បានបញ្ជាក់ថា គិតត្រឹមចុងខែកញ្ញាកន្លងទៅ UN ខ្វះខាតថវិកាដល់ទៅប្រមាណ ២៣០លានដុល្លារ និងកំពុងតែប្រឈម នឹងការអស់ថវិកាទាំងស្រុងនាចុងខែនេះតែម្តង។
* ហេតុអ្វីបានជា UN ដាច់លុយ?
តាមការពិតទៅ លោក Guterres ធ្លាប់ព្រមានពីកង្វះខាតថវិការបស់អង្គការសហប្រជាជាតិតាំងតែពីឆ្នាំ២០១៨ មកម្ល៉េះ ដោយលោកបញ្ជាក់ថា ហេតុផលតែមួយគត់នៃបញ្ហានេះ គឺមកពីបណ្ដាប្រទេសជាសមាជិក UN ខកខានបង់ប្រាក់កាត្វកិច្ច តាមការកំណត់។ ម្យ៉ាងវិញទៀត បើតាម UN ពីរភាគបីនៃប្រទេសជាសមាជិក ឬក៏១១២ប្រទេស ក្នុងចំណោមជាសមាជិក សរុបទាំង១៩៣ ប្រទេសរបស់ UN (មិនរាប់ទាំងរដ្ឋអង្កេតការណ៍ចំនួន២ទៀត) បានបង់ប្រាក់កាតព្វកិច្ចតាមការកំណត់ ខណៈសហរដ្ឋអាមេរិកគំរាមកាត់បន្ថយការចំណាយ ទើបធ្វើឱ្យស្ថាប័នមួយនេះប្រឈមមុខនឹងបញ្ហាថវិកា។
* ប្រទេសណាខ្លះបង់លុយឱ្យ UN ច្រើនជាងគេ?
អង្គការសហប្រជាជាតិ UN ទទួលបានមូលនិធិតាមវិធីពីរយ៉ាង នោះគឺការបង់ប្រាក់កាតព្វកិច្ចក្នុងនាមជាសមាជិក និងការបង់វិភាគទានដោយស្ម័គ្រចិត្ត ហើយប្រទេសជាសមាជិកនីមួយៗទាំង១៩៣ ត្រូវបានតម្រូវឱ្យបង់ប្រាក់លើកញ្ចប់ថវិកាសម្រាប់ ដំណើរការជាធម្មតារបស់ UN និងសម្រាប់កញ្ចប់ថវិកាសម្រាប់បេសកកម្មថែរក្សាសន្តិភាព នៅទូទាំងពិភពលោក។
ប្រទេសដែលបានបង់ប្រាក់ឱ្យស្ថាប័នអន្តរជាតិមួយនេះច្រើនជាងគេមាន៖ សហរដ្ឋអាមេរិក (៦៧៤.២លានដុល្លារ ស្មើនឹង២២ភាគរយ), ចិន (៣៦៧.៩លានដុល្លារ ស្មើនឹង១២ភាគរយ), ជប៉ុន (២៦២.៤លានដុល្លារ ស្មើនឹង៨.៥ភាគរយ) អាល្លឺម៉ង់ (១៨៦.៦លានដុល្លារ ស្មើនឹង៦ភាគរយ), ចក្រភពអង់គ្លេស (១៣៩.៩លានដុល្លារ ស្មើនឹង៤.៦ភាគរយ), បារាំង (១៣៥.៧លានដុល្លារ ស្មើនឹង៤.៤ ភាគរយ), អ៊ីតាលី (១០១.៣លានដុល្លារ ស្មើនឹង៣.៣ភាគរយ), ប្រេស៊ីល (៩០.៣លានដុល្លារ ស្មើនឹង២.៩ភាគរយ), កាណាដា (៨៣.៨លានដុល្លារ ស្មើនឹង២.៧ភាគរយ), និង រុស្ស៊ី (៧៣.៧លានដុល្លារ ស្មើនឹង២.៤ភាគរយ)។ ប៉ុន្តែ ទន្ទឹមគ្នាក៏មានមជ្ឈដ្ឋានខ្លះនិយាយលេងសើចផងដែរថា នរណាបង់ប្រាក់ឱ្យ UN ច្រើនជាងគេគឺមានទឹកមាត់ប្រៃជាងគេដែរ។
* តើ UN យកលុយទៅចាយដូចម្ដេច?
អង្គការសហប្រជាជាតិ (UN) ត្រូវចំណាយកញ្ចប់ថវិកាទៅតាមបេសកកម្ម និងលើទីភ្នាក់ងារអន្តរជាតិរបស់ខ្លូន។ ជាឧទាហរណ៍ កាលពីឆ្នាំ២០១៦ ការចំណាយលើកិច្ចការទូទៅរបស់ UN មាន៥.៧ពាន់លានដុល្លារ រីឯប្រតិបត្តិការថែរក្សាសន្តិភាព ចំណាយអស់ជាង៩ពាន់លានដុល្លារ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិមានច្រើនជាង៣០ ក្នុងនោះមានដូចជា កម្មវិធីអភិវឌ្ឍអង្គការ សហប្រជាតិ (UNDP) កម្មវិធីស្បៀងអាហារពិភពលោក (WFP) មូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) និង អង្គការ UNESCO ជាដើម។
គួរបញ្ជាក់ថា ដើម្បីកាត់បន្ថយការចំណាយ លោក Antonio Guterres បានលើកឡើងនូវជម្រើសមួយចំនួន រួមមានការ ផ្អាកការធ្វើសន្និសីទ និងកិច្ចប្រជុំ ហើយកាត់បន្ថយសេវាកម្មផ្សេងៗ ព្រមទាំងរឹតត្បិតការធ្វើដំណើររបស់មន្រ្តី ដោយទុកត្រឹមតែសកម្មភាពចាំបាច់ៗប៉ុណ្ណោះ ក៏ដូចជាចាត់វិធានការសន្សំសំចៃថាមពល។ ដោយមិនរាប់បញ្ចូលការចំណាយ លើប្រតិបត្តិការរក្សាសន្តិភាព កញ្ចប់ថវិកាប្រតិបត្តិការទូទៅរបស់អង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ២០១៨-២០១៩ គឺជិត ៥.៤ពាន់លានដុល្លារ ដោយក្នុងនោះសហរដ្ឋអាមេរិកផ្តល់ចំណែកច្រើនជាងគឺ ២២ភាគរយ៕