(វ៉ាស៊ីនតោន)៖ ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃព្រឹទ្ធសភាអាមេរិកលោក អេលៀត អេនជែល (Eliot Engel) បានបង្ហាញពីក្ដីព្រួយបារម្ភយ៉ាងខ្លាំង ដោយខ្លាចក្រែងសេតវិមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បោះបង់ចោលសន្ធិសញ្ញាបើកចំហមេឃ (Treaty on Open Skies) ដ៏សំខាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។
សន្ធិសញ្ញាបើកចំហផ្ទៃមេឃ (Treaty on Open Skies) គឺជាសន្ធិសញ្ញាមានប្រទេសច្រើនជាង ៣០ជាសមាជិក ហើយវាមានគោលដៅអនុញ្ញាតឱ្យបណ្ដាប្រទេសជាសមាជិក ដឹកនាំប្រតិបត្តិការហោះហើរស៊ើបការណ៍ និងប្រមូលព័ត៌មានពាក់ព័ន្ធនឹងយោធា កំឡុងការហោះហើរអង្កេតការណ៍ ដែលត្រូវបានកំណត់ជាក់ប្រកបដោយតម្លាភាព។ ប៉ុន្តែកាលពីខែសីហា ឆ្នាំ២០១៨ លោក ត្រាំ បានបង្កើតច្បាប់ស្ដីពីវិស័យការពារជាតិ សម្រាប់ឆ្នាំ២០១៩ (2019 National Defense Authorization Act) ហើយតាមរយៈច្បាប់នេះ សហរដ្ឋអាមេរិកនឹងមិនផ្ដល់មូលនិធិបន្ថែម ក្នុងការអនុវត្តតាមសន្ធិសញ្ញានេះទៀតឡើយ។
យ៉ាងណាក៏ដោយ នៅក្នុងលិខិតមួយផ្ញើជូនទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក រ៉ូប៊ឺត អូព្រីយែន (Robert O'Brien) លោក Eliot Engel បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ជាមួយការបញ្ជាក់ថា ការបោះបង់សន្ធិសញ្ញាបើកចំហមេឃ នឹងបង្កការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក។
គួរបញ្ជាក់ថា សន្ធិសញ្ញាបើកចំហមេឃ ឬ Treaty on Open Skies ត្រូវបានចុះហត្ថលេខានៅឆ្នា១៩៩២ ក្នុងគោលដៅលើកម្ពស់ការបើកចំហ និងការធ្វើការសកម្មភាពយោធាប្រកបដោយតម្លភាព ក្រោយសង្រ្គាមត្រជាក់បិទបញ្ចប់។ ប្រទេសជាហត្ថាលេខីរួមមានអង្គការ NATO រុស្ស៊ី បែលឡារុស អ៊ុយក្រែន និងប្រទេសមួយចំនួនទៀត៕