តុលាការវៀតណាមកាត់ទោស «ប្រហារជីវិតមនុស្ស៨នាក់» ពីបទរត់ពន្ធគ្រឿងញៀនជិត២០០គីឡូក្រាម (Video inside)
08-10-2019 15:43
(ហាណូយ)៖ ជនជាតិវៀតណាម ០៨នាក់ត្រូវបានផ្តន្ទាទោសប្រហារជីវិត ពីបទលួចរត់ពន្ធគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនមានទម្ងន់ ១៣២គីឡូក្រាម និងប្រភេទគ្រីស្តាល់មេតាំហ្វេតាមីនទម្ងន់ ៥៥គីឡូក្រាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ តុលាការនៃទីក្រុងហូជីមីញ បានសម្រេចផ្តន្ទាទោសប្រហារជីវិតមនុស្ស ០៨នាក់ក្នុងនោះរួមមានបុរស ០៧នាក់ និងស្រី្តម្នាក់ ដែលជាសមាជិកបណ្តាញក្រុមរត់ពន្ធគ្រឿងញៀនពីក្រុងដាណាង (Da Nang) ភាគកណ្តាលវៀតណាមទៅកាន់ទីក្រុងហូជីមិញ ដែលស្ថិតនៅភាគខាងត្បូងប្រទេស។ ទន្ទឹមគ្នានេះប៉ូលិសវៀតណាមកំពុងតាមចាប់ខ្លួន បុគ្គលដែលអាចជាប់ពាក់ព័ន្ធដទៃទៀត។
គួរជម្រាបថា យោងតាមច្បាប់នៅប្រទេសវៀតណាម ជនដែលរត់ពន្ធគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនចាប់ពី ៦០០ក្រាមឡើងទៅ ឬមួយក៏មេតាំហ្វេតាមីនច្រើនជាង ២.៥គីឡូក្រាម នឹងត្រូវទទួលទោសប្រហារជីវិត។ មិនតែប៉ុណ្ណោះការផលិត ឬជួញដូរថ្នាំហេរ៉ូអ៊ីនទម្ងន់ចាប់ពី ១០០ក្រាម ឬគ្រឿងញៀនផ្សេងៗទៀតទម្ងន់ចាប់ពី ៣០០ក្រាមឡើងទៅ ក៏ត្រូវប្រឈមនឹងទោសប្រហារជីវិតដូចគ្នា។ យ៉ាងណាក្តី ទោះបីជាច្បាប់គ្រឿងញៀននៅប្រទេសវៀតណាម តឹងរ៉ឹងបែបនេះក៏ដោយក៏បទល្មើសគ្រឿងញៀន នៅតែកើតមានឡើងជារឿយៗ៕