(បរទេស)៖ យានរ៉ូបូត Curiosity របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលកំពុងស្ថិតនៅលើផ្ទៃភពអង្គារ (Mars) បានប្រទះឃើញថ្មមានផ្ទុកសមាធាតុអំបិល នៅរណ្តៅអាចម៍ផ្កាយ Gale Crater ដែលជាអតីតបឹងដ៏ធំមួយ។ របកគំហើញនេះអាចផ្តល់ជាតំរុយថា រណ្តៅ Gale គឺជាបឹងធ្លាប់ផ្ទុកទឹកប្រៃដែលប្រហែលជាអាចទ្រទ្រង់ទម្រង់ជីវិតណាមួយបាន មិនខុសពីមហាសមុទ្រនានាលើផែនដីយើងឡើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។

យោងតាមការវិភាគសមាសធាតុអំបិលក្នុងថ្មនោះ អាចមានអាយុកាលចន្លោះ ៣.៣-៣.៧ពាន់លានឆ្នាំ។ ខណៈកន្លងមកអ្នកវិទ្យាសាស្រ្តក៏ធ្លាប់បានរកឃើញ​ភស្តុតាងនៃសមាសធាតុអំបិល នៅតាមតំបន់ដទៃទៀតលើផ្ទៃភពអង្គារនេះគឺជាលើកដំបូងបំផុត ដែលសមាសធាតុអំបិល ត្រូវបានប្រទះឃើញនៅក្នុងរណ្តៅ Gale។

អ្នកវិទ្យាសាស្រ្តមានការជឿជាក់ថា សមាសធាតុអំបិលនោះត្រូវបានបន្សល់ទុក ក្រោយបឹងទឹកប្រៃនៅក្នុងរណ្តៅ Gale ដែលប្រហែលជាមានផ្ទុកទម្រង់ជីវិតថែមទៀតនោះ បានហួតឡើងលើផ្ទៃអាកាស និងក្នុងដីកាលពីអំឡុងសម័យ Hesperian របស់ភពអង្គារ ជាពេលដែលសកម្មភាពភ្នំភ្លើង និងគ្រោះទឹកជំនន់សាហាវៗបានកើនឡើងយ៉ាងញឹកញាប់ រហូតនៅទីបញ្ចប់ប្រែក្លាយអាកាសធាតុរបស់ភពអង្គារ ទៅជាស្ងួតហួតហែងដូចរាល់ថ្ងៃតែម្តង។

គួរជម្រាបថា បឹងទឹកប្រៃនៅលើភពផែនដីយើងវិញ គឺសម្បូរទៅដោយទម្រង់ជីវិតតូចៗ ដែលជាហេតុធ្វើឲ្យអ្នកវិទ្យាសាស្រ្តជឿថា ពពួកបឹងប្រភេទនេះនៅលើភពអង្គារ ដែលធ្លាប់មានវត្តមានកាលពីរាប់លានឆ្នាំមុន អាចជាទីជម្រករបស់បាក់តេរី ឬមីក្រូសារពាង្គ កាយដទៃៗទៀត៕