(ប៉េកាំង)៖ ឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហ៊ី (Liu He) នឹងដឹកនាំគណប្រតិភូបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមក្នុងកិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្រិតខ្ពស់អាមេរិក-ចិនពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែតុលា តបតាមការអញ្ជើញពីភាគីអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំពាណិជ្ជកម្មជុំថ្មី លោក Liu He នឹងត្រូវជួបពិភាក្សាការងារជាមួយតំណាងពាណិជ្ជកម្ម អាមេរិក លោក រ៉ូប៊ឺត ឡៃធីសហ្ស៊ែរ (Robert Lighthizer) និងរដ្ឋមន្ត្រីរតនាគារអាមេរិក លោក ស្ទេវិន ម៉ានូជីន (Steven Mnuchin)។ បន្ថែមពីលើនេះ ក្រៅពីលោក Liu រដ្ឋពាណិជ្ជកម្មចិន លោក ចុង សាន (Zhong Shan), ប្រធានធនាគារកណ្ដាលចិន លោក យី ហ្គាង (Yi Gang), ព្រមទាំងអនុប្រធានគណកម្មាការអភិវឌ្ឍជាតិ និងកំណែទម្រង់ លោក ណីង ជីចេ (Ning Jizhe) ក៏នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំនេះដែរ។
គួរបញ្ជាក់ថា វានឹងក្លាយជាកិច្ចពិភាក្សា និងចរចាដោះស្រាយជម្លោះពានិជ្ជកម្មថ្មីមួយរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ ប្រកបដោយទស្សនៈវិជ្ជមានជាងពេលមុនៗ ដើម្បីបន្ធូរបន្ថយភាពតានតឹងបច្ចុប្បន្ន។ ទោះបីជាភាគីចិន និងអាមេរិកនៅតែបង្ហាញជំហរផ្ទុយគ្នា អំពីអ្វី (ផលប្រយោជន៍) ដែលភាគីទាំងពីរចង់បានរៀងៗខ្លួនក៏ដោយ ក៏គ្រប់គ្នានៅតែចង់ឲ្យបញ្ហាត្រូវបានដោះស្រាយ ដើម្បីឲ្យវិស័យពាណិជ្ជកម្មអន្តរជាតិ វិលទៅរកភាពប្រសើរឡើងវិញ៕