(បរទេស)៖ កិច្ចដំណើរការសាងសង់មូលដ្ឋានអង្កេតផ្ទៃមេឃដ៏ធំមួយឈ្មោះ Extremely Large Telescope (ELT) របស់អង្គការ European Southern Observatory (ESO) បានចាប់ផ្តើមប្រព្រឹត្តទៅនៅតំបន់វាលខ្សាច់ អាតាខាម៉ា (Atacama) នៃប្រទេសឈីលី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយផ្ទាល់របស់ ESO នៅថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។
នៅពេលសាងសង់រួច វានឹងក្លាយជាមូលដ្ឋានប្រព័ន្ធតេឡេស្កូបធំជាងគេបង្អស់ ដែលដំណើរការនៅលើផ្ទៃដីជាមួយទម្ងន់សរុបរបស់វាជាង ៣,០០០ពាន់តោន។ វានឹងបំពាក់ផ្ទាំងកញ្ចប់ស្នូល ដែលមានអង្កត់ផ្ចិតប្រវែង ៣៩.៣ម៉ែត្រ ព្រមទាំងកញ្ចក់បម្រុងទី ១ មានទំហំ ៤.២ម៉ែត្រ និងកញ្ចក់បម្រុងទី ២ មានទំហំ ៣.៧៥ម៉ែត្រ។ សម្រាប់ដំបូងរបស់វានឹងមានរាងមូលជាមួយកម្ពស់ ៧៤ម៉ែត្រពីផ្ទៃដី និងលាតសន្ធឹងប្រវែង ៨៦ម៉ែត្របើគិតពីមុខកាត់។ ប្រព័ន្ធតេឡេស្កូបនេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប ដើម្បីធ្វើឲ្យផ្តិតយករូបភាពផ្ទៃអវកាស បានច្បាស់ជាងធម្មតាផងដែរ។
កន្លងមកនេះ ដោយសារតែមូលដ្ឋានតេឡេស្កូប ELT នឹងមានទំហំធំបំផុតមិនធ្លាប់មាន ទីតាំងសម្រាប់ការសាងសង់ត្រូវបានធ្វើការវាយតម្លៃ និងធ្វើតេស្តនៅតាមប្រទេសជាច្រើន រួមមានអេស៉្បាញ ម៉ារ៉ុក ឈីលី និងអាហ្សង់ទីន ហើយទីបំផុតតំបន់វាលខ្សាច់ខាងលើ នៅឈីលី ក៏ត្រូវបានជ្រើសរើសដោយសារកត្តាអំណោយផលមួយចំនួន ដូចជាបរិយាកាស និងផ្ទៃមេឃស្រឡះជាប្រចាំជាដើម។
គួរជម្រាបថា សព្វថ្ងៃនេះនៅមានចម្ងល់ច្រើនខ្លាំងណាស់ ទាក់ទងនឹងចក្រវាឡយើង ដែលអ្នកវិទ្យាសាស្រ្តមិនទាន់អាចរកចម្លើយឃើញនៅឡើយទេ ខណៈតេឡេស្កូបយក្ស ELT ត្រូវគេរំពឹងថា នឹងអាចជួយដល់រឿងនេះ។ គោលដៅចម្បងមួយរបស់ ELT គឺ សិក្សាពីបរិយាកាសនៃភពអេលៀនប្រភេទថ្ម ដែលស្ថិតនៅតំបន់អំណោយផលដល់ជីវិត (Habital Zone) នៃផ្កាយរបស់ពួកវា។ ក្រៅពីនេះ ELT ក៏នឹងស្វែងយល់អំពីកំណើតផ្កាយ រួមជាមួយរឿងរ៉ាវអាថ៌កំបាំងជាច្រើនផ្សេងទៀត នៃទីអវកាសថែមទៀតផង៕