(ហុងកុង)៖ រដ្ឋាភិបាលទីក្រុងហុងកុងមិនទាន់មានវិធានការណាមួយ ដើម្បីបិទសេវាអ៊ីនធើណិតដូចការព្រួយបារម្ភមួយចំនួន បានលើកឡើងនោះឡើយ ខណៈស្ថានការណ៍នាពេលបច្ចុប្បន្ននេះ កំពុងតែកើនឡើងកម្តៅបន្ថែមទៀត ដោយសារតែការហាមបាតុករពាក់ម៉ាស់ ឬរបាំងមុខពេលធ្វើបាតុកម្ម។ នេះបើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។
លោក អ៊ីព ក្វូកហ៊ីម (Ip Kwok-him) សមាជិកមួយរូបនៃក្រុមប្រឹក្សាថ្នាក់តំបន់ទីក្រុងហុងកុង បានថ្លែងប្រាប់វិទ្យុមួយថា «បច្ចុប្បន្ននេះរដ្ឋបាលទីក្រុងហុងកុង កំពុងតែពិចារណាមើលអំពី មធ្យោបាយស្របច្បាប់ទាំងឡាយដើម្បីបញ្ឈប់អំពើហិង្សាប៉ុណ្ណោះ ដោយយើងគ្មានគំរោងបិទអ៊ីនធើណិតនោះឡើយនៅថ្ងៃអនាគត...»។
គួរបញ្ជាក់ថា ប៉ូលិសហុងកុងនាថ្ងៃចន្ទនេះបានថ្កោលទោសក្រុមបាតុករ ដែលបានប្រព្រឹត្តអំពើហិង្សាកាន់តែអាក្រក់ឡើងៗ កំឡុងពេលធ្វើបាតុកម្មកាលពីចុងសប្តាហ៍កន្លងទៅនេះ មានដូចជាការវាយដំច្រំធាក់លើជនសាមញ្ញ នាំឲ្យពួកគេមួយចំនួនរងរងរបួសជាទម្ងន់។ សកម្មភាពបាតុកម្មបានផ្ទុះឡើងកាន់តែក្តៅគគុក នាកំឡុងចុងសប្តាហ៍កន្លងទៅបែបនេះ គឺដោយសារតែអភិបាលក្រុងហុងកុង បានសម្រេចដាក់ឲ្យអនុវត្តច្បាប់ ហាមប្រាមការពាក់ម៉ាស់ ឬមួយក៏របាំងមុខកំឡុងពេលតវ៉ា៕