(វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi បានសម្តែងការជឿជាក់ខ្ពស់ថា ការដំណើរការនីតិវិធីចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីឈានដល់ការទម្លាក់ចេញពីអំណាចនោះ នឹងទទួលបានជោគជ័យជាក់ជាមិនខាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។
ថ្លែងពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នារវាងក្រុមសមាជិកសភាបក្សប្រជាធិបតេយ្យ និងលោក ដូណាល់ ត្រាំ លោកស្រី Pelosi បានក្រើនរំលឹកលោកប្រធានាធិបតីអាមេរិកថា រូបលោកគឺជាមហាសេដ្ឋីដែលធ្លាប់មានកាស៊ីណូ ដូច្នេះលោកគួរដឹងច្បាស់ហើយនូវសម្តីគេពោលថា «កាស៊ីណូគឺតែងតែឈ្នះអ្នកលេងជានិច្ច» ដែលជាភាសាអង់គ្លេសគឺ «The House always wins» ខណៈពាក្យ House នេះ គឺដូចជាទៅនឹងឈ្មោះរបស់សភាតំណាងរាស្រ្តអាមេរិក House of Representatives ឬហៅខ្លីថា The House ដូចគ្នាតែម្តង។ សរុបមកលោកស្រីចង់បានន័យថា សភាតំណាងរាស្រ្តអាមេរិក នឹងទទួលជ័យជម្នះលើលោក ត្រាំ។
គួរជម្រាបថា កាលពីចុងខែកញ្ញាកន្លងទៅនេះ សភាតំណាងរាស្រ្តអាមេរិក ដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ បានចាប់ផ្តើមនីតិវីធីចោទប្រកាន់ និងការស៊ើបអង្កេតជាផ្លូវការលើលោក ត្រាំ ក្រោមគោលដៅឈានដល់ការទម្លាក់ពីតំណែង ដោយយោងលើហេតុផលថា លោកបានរំលោភអំណាចរបស់ខ្លួន តាមរយៈការដាក់សម្ពាធលើប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ឲ្យជួយកម្ចាត់ លោក Joe Biden អតីតអនុប្រធានាធិបតីអាមេរិក ដែលជាបេក្ខជនឈរឈ្មោះមួយរូបរបស់បក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០២០។
ទាក់ទិនបញ្ហានេះ លោក Zelensky បានបដិសេធថា លោកមិនបានរងការបង្ខិតបង្ខំ ឬគំរាមកំហែងអ្វីពីលោក ដូណាល់ ត្រាំ ឡើយ ខណៈលោក ត្រាំ ផ្ទាល់បានហៅទង្វើរបស់សមាជិកសភាបក្សប្រជាធិបតេយ្យថា ប្រៀបដូចជារដ្ឋប្រហារ៕