(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក លោក Anatoly Antonov បាននិយាយថា រុស្ស៊ី និងសហរដ្ឋអាមេរិក ត្រូវតែចាប់ផ្ដើមបើកកិច្ចសន្ទនាពិភាក្សាគ្នាពីបញ្ហាដាក់ពង្រាយមីស៊ីលរយៈចំងាយខ្លី និងមធ្យម ជាពិសេសនៅអឺរ៉ុប ដើម្បី បង្ការសង្រ្គាមនុយក្លេអ៊ែរ កុំឱ្យផ្ទុះឡើងនៅពេលអនាគត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។
លោក Anatoly Antonov ធ្វើការកត់សម្គាលបែបនេះនាឱកាសចូលក្នុងវេទិកា Fort Ross Dialogue កាលពីថ្ងៃអាទិត្យ និងចំពេលដែលមានការព្រួយបារម្ភជាច្រើនពីការផ្ទុះឡើងនូវការរត់ប្រណាំងសព្វាវុធ បន្ទាប់ពីមហាអំណាចទាំងពីរដកខ្លួន ជាផ្លូវការចេញសន្ធិសញ្ញានុយក្លេអ៊ែរ INF កាលពីខែសីហាកន្លងទៅ។ លោក Antonov បានគូសបញ្ជាក់ដូច្នេះថា៖ « វាដល់ ពេលវេលាហើយដែលយើងត្រួវជួបគ្នានៅក្នុងទីក្រុងហ្សឺណែវ ឬនៅក្នុងទីក្រុងម៉ូស្គូ ដើម្បីរកមធ្យោបាយដោះស្រាយបញ្ហា បច្ចុប្បន្ន និងបញ្ជៀសរាល់លទ្ធភាពនៃការផ្ទុះសង្រ្គាម...ប៉ុន្តែបើសិនជាសហរដ្ឋអាមេរិក ដាក់ពង្រាយមីស៊ីលនៅក្បែររបងផ្ទះ យើង យើងគ្មានជម្រើសអ្វី ក្រៅតែពីចាត់វិធានការការពារខ្លួនឯងនោះទេ»។
គួរបញ្ជាក់ថា លោកអគ្គរដ្ឋទូតរុស្ស៊ី ក៏បានលើកឡើងផងដែរពីសំណើរបស់លោក វ្ល៉ាឌីមៀ ពូទីន ជុំវិញការបញ្ឈប់ការដាក់ ពង្រាយមីស៊ីលរយៈចំងាយខ្លី ឬមធ្យមនៅក្នុងតំបន់អឺរ៉ុប និងតំបន់ដទៃទៀត ខណៈទីក្រុងម៉ូស្គូ មិនមានចំណាប់អារម្មណ៍ ប្រឡូកចូលក្នុងការរត់ប្រណាំងសព្វាវុធ ឡើយ៕