(តូក្យូ)៖ នាវាល្បាតមួយគ្រឿងរបស់ជប៉ុន និងទូកនេសាទមួយគ្រឿងរបស់កូរ៉េខាងជើង បានបុកគ្នានៅក្នុងដែនសមុទ្រជប៉ុន ជិតតំបន់មួយដែលពេញនិយមបំផុតក្នុងការនេសាទ ប៉ុន្តែពុំមានការបញ្ជាក់អំពីមនុស្សបាត់បង់ជីវិត ឬក៏រងរបួសនៅក្នុងហេតុការណ៍នោះនៅឡើយទេ។ នេះបើតាមការចេញផ្សាយព័ត៌មាន ដោយទូរទស្សន៍ជប៉ុន NHK នាព្រឹកថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។
ព័ត៌មានបានឲ្យដឹងថាទៀតថា ក្រោយការបុកគ្នាខាងលើនេះ ទូកនេសាទកូរ៉េខាងជើងបានលិច ហើយមនុស្សយ៉ាងហោចណាស់ ២០នាក់ត្រូវធ្លាក់ទៅក្នុងទឹកសមុទ្រ។ ជប៉ុនបានអះអាងថា ឧប្បដិហេតុបានកើតឡើងនៅដែនទឹកស្ថិតនៅចម្ងាយជិត ៣០០គីឡូម៉ែត្រពីឧបទ្វីបណូតុ (Noto) ដែលនេះមានន័យថា ទូកនេសាទកូរ៉េខាងជើងដែលត្រូវបានបុកលិចខាងលើនេះ បានចូលមកធ្វើសកម្មភាពនេសាទដោយខុសច្បាប់ នៅក្នុងដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។
គួរបញ្ជាក់ថា ពុំមានការបញ្ជាក់អំពីហេតុការណ៍បន្តបន្ទាប់មកទៀតនៅឡើយទេ ប៉ុន្តែឧប្បដិហេតុនេះបានកើតឡើង បន្ទាប់ពីជប៉ុនបានបញ្ចេញយុទ្ធនាការក្តៅ ដើម្បីបង្ក្រាបសកម្មភាពនេសាទខុសច្បាប់ នៅក្នុងដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ក្នុងតំបន់សមុទ្រជប៉ុន ខណៈកន្លងមកគឺទូកនេសាទកូរ៉េខាងជើងជាច្រើន តែងត្រូវបានគេរាយការណ៍ថា បានបំពានចូលមកកាន់តំបន់នេះ។ សម្រាប់ប្រទេសទាំងពីរជប៉ុន និងកូរ៉េខាងជើង គឺគ្មានទំនាក់ទំនងការទូតនោះឡើយ៕