(វ៉ាស៊ីនតោន)៖ មានការបង្ហើបឲ្យដឹងថា ក្រុមមន្រ្តីចិនកំពុងតែស្ទាក់ស្ទើរចិត្តកាន់តែខ្លាំងឡើង ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មលក្ខណៈទូលំទូលាយមួយ ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្យាយាមចង់បានស្របពេលដែលការចរចាគ្នា នឹងចាប់ផ្តើមឡើងក្នុងជុំថ្មីទៀតនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។
យោងតាមប្រភពដែលសារព័ត៌មានអាមេរិក Bloomberg News ទទួលបាន កំឡុងជំនួបជាមួយក្រុមមន្រ្តីអាមេរិកនៅទីក្រុងប៉េកាំង កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមមន្រ្តីចិនត្រូវគេអះអាងថា បានបង្រួមប្រធានបទដែលពួកគេយល់ព្រមពិភាក្សា កាន់តែតូចទៅៗ។
ឧបនាយករដ្ឋមន្រ្តីចិន លោក លីវ ហេ (Liu He) ដែលនឹងដឹកនាំប្រតិភូចិនចូលរួមកិច្ចចរចាកម្រិតខ្ពស់ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានប្រាប់ក្រុមមន្រ្តីអាមេរិក ដែលបានទៅបំពេញទស្សនកិច្ចនៅចិនថា ក្នុងការជួបមុខគ្នានៅប៉ុន្មានថ្ងៃខាងមុខនេះ នឹងពុំមានការចរចាលើការកែទម្រង់គោលនយោបាយ ចំពោះវិស័យឧស្សាហកម្ម-ពាណិជ្ជកម្មរបស់ចិនឡើយ ខណៈវាគឺជាចំណុចសំខាន់មួយដែលលោក ត្រាំ ទាមទារចង់បាន។
គួរជម្រាបថា លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងជាដដែលៗថា លោកនឹងទទួលយកតែកិច្ចព្រមព្រៀងទូលំទូលាយមួយប៉ុណ្ណោះជាមួយចិន ដើម្បីដោះស្រាយបញ្ហាសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ត្រាំ បានបញ្ជាក់ថា លោកកំពុងតែខិតខំចរចាកិច្ចព្រមព្រៀងដ៏លំបាកមួយជាមួយប្រទេសចិន ប៉ុន្តែប្រសិនបើវាមិនអាចផ្តល់ប្រយោជន៍ ឲ្យខាងអាមេរិកបានច្រើនទេនោះ លោកនឹងមិនទទួលយកវាឡើយ៕