(ស្តុកហូម)៖ ក្រុមមន្រ្តីកូរ៉េខាងជើងបានសម្រេចមិនបន្តកិច្ចពិភាក្សា ជុំវិញបញ្ហានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកឡើយ បន្ទាប់ពីភាគីបានចាប់ផ្តើមកិច្ចចរចានៅឯទីក្រុងស្តុកហូម (Stockholm) នៃប្រទេសស៊ុយអែត ដោយសារតែមិនមានភាពវិជ្ជមាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩។
លោក Kim Myong-gil ដែលជាមន្រ្តីជាន់ខ្ពស់ជាងគេរបស់កូរ៉េខាងជើង ដែលមានវត្តមានក្នុងកិច្ចពិភាក្សាខាងលើ បាននិយាយថា «កិច្ចចរចាគឺមិនបានដូចក្តីរំពឹងរបស់ពួកយើង ហើយយើងក៏បានសម្រេចថាលែងបន្ត។ លោក Kim បានគូសបញ្ជាក់ថា ការចរចាប្រហែលជានឹងមិនត្រូវធ្វើឡើងជាថ្មីម្តងទៀតឡើយ គឺយ៉ាងហោចណាស់ក៏ដល់ចុងឆ្នាំនេះដែរ ហើយលោកបានទទូចឲ្យអាមេរិកពិចារណាឡើងវិញពីគោលជំហររបស់ខ្លួន នៅក្នុងកិច្ចចរចា។
ដោយឡែក ក្រសួងការបរទេសអាមេរិក បែរជាមានទស្សនៈខុសគ្នាជុំវិញកិច្ចចរចានៅទីក្រុងស្តុកហូម ដែលមានរយៈពេល៨ម៉ោងនេះ។ ក្រសួងការបរទេសអាមេរិកបានលើកឡើងថា សម្តីរបស់ភាគីកូរ៉េខាងជើងមិនបានឆ្លុះបញ្ចាំងឲ្យឃើញពីខ្លឹមសារ ឬមួយក៏ស្មារតីនៃកិច្ចចរចានោះទេ។ កិច្ចចរចានាសៅរ៍សប្តាហ៍នេះ គឺជាការជួបគ្នាឡើងវិញជាលើកដំបូងរវាងក្រុមមន្រ្តីប្រទេសទាំងពីរ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលរបស់កូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន បានយល់ព្រមបន្តកិច្ចចរចាជាថ្មី កំឡុងការជួបមុខគ្នាក្រៅផ្លូវការ នៅព្រំដែនអន្តរកូរ៉េកាលពីខែមិថុនាកន្លងទៅ។
គួរជម្រាបថា លោក ត្រាំ និង លោក គីម បានបើកកិច្ចប្រជុំកំពូលជាមួយគ្នាជាលើកទីមួយកាលពីខែមិថុនា ឆ្នាំ២០១៨ ដែលវាត្រូវបានអន្តរជាតិភាគច្រើនចាត់ទុកថា ជាការជំហានដ៏ធំមួយឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាពពេញលេញ សម្រាប់ឧបទ្វីបកូរ៉េ បន្ទាប់ពីប្រទេសទាំងពីរបានប្រើពាក្យសម្តីគំរាមគ្នាទៅវិញទៅមកយ៉ាងចាស់ដៃ។ យ៉ាងណាមិញ ជំនួបកំពូលលើកទីពីរ ដែលបានប្រព្រឹត្តទៅនៅប្រទេសវៀតណាម កាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ចប់ទៅយ៉ាងទាន់ហន់ ដោយពុំមានកិច្ចព្រមព្រៀងអ្វីទាំងអស់ ខណៈភាគីទាំងសងខាងបានទម្លាក់កំហុសដាក់គ្នា ហើយដំណើរការចរចានុយក្លេអ៊ែររវាងក្រុមមន្រ្តីកូរ៉េខាងជើងនិងអាមេរិក បានជាប់គាំងតាំងពីពេលនោះមក៕