(ហុងកុង)៖ នាយកប្រតិបត្តិនៃតំបន់សេដ្ឋកិច្ចពិសេសចិនហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បានប្រកាសនៅថ្ងៃសៅរ៍នេះថា រដ្ឋបាលទីក្រុងនេះនឹងបញ្ចេញនូវដំណោះស្រាយដ៏អស្ចារ្យបំផុតមួយដើម្បីបញ្ចប់អំពើហិង្សា បន្ទាប់ពីការតវ៉ាយ៉ាងកក្រើកបានផ្ទុះឡើងនៅតំបន់មួយចំនួននៅទូទាំងទីក្រុងស្វយ័តមួយនេះ ស្របពេលច្បាប់ហាមឃាត់ការពាក់ម៉ាស់ពេលធ្វើបាតុកម្មត្រូវបានដាក់ចេញជាធរមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នារសៀលថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩។
ការប្រកាសរបស់លោកស្រី ឡាំ ខាងលើនេះបានកើតមានឡើង បន្ទាប់ពីការតវ៉ាកាលពីថ្ងៃសុក្រម្សិលមិញបានផ្ទុះឡើងយ៉ាងអាក្រក់ និងត្រូវបានចាត់ទុកជា «រាត្រីដ៏ខ្មៅងងឹតខ្លាំងបំផុត» សម្រាប់ទីក្រុងមានសេដ្ឋកិច្ចរីកចំរើនបំផុត ប្រចាំទ្វីបអាស៊ីមួយនេះ។ ទោះបីជាមិនទាន់ប្រកាសថា ផែនការពិសេសបំផុតនោះ គឺជាអ្វីឲ្យប្រាកដក៏ដោយ ក៏លោកស្រីក្នុងនាមជាថ្នាក់ដឹកនាំកំពូល បានប្តេជ្ញាប្រើប្រាស់គ្រប់ដំណោះស្រាយទាំងអស់ដែលស្របច្បាប់ ដើម្បីស្តារសន្តិភាព និងសណ្តាប់ធ្នាក់នៅទីក្រុងហុងកុងឡើងវិញឲ្យបាន៕