(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកមានឱកាសល្អដើម្បីចុះកិច្ចព្រមព្រៀង បញ្ចប់សង្រ្គាមពាណិជ្ជកម្មជាមួយចិន ប៉ុន្តែកិច្ចព្រមព្រៀងនេះធ្វើឡើងដើម្បីផលប្រយោជន៍ របស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅចំពោះមុខអ្នកសារព័ត៌មាននានាក្នុងសេតវិមាន នៅថ្ងៃសុក្រសប្ដាហ៍នេះ ពោលគឺមួយថ្ងៃបន្ទាប់ពីលោកផ្ទាល់ បានជំរុញជាសាធារណៈឱ្យប្រទេសចិន បើកការស៊ើបអង្កេតលើអតីតអនុប្រធានាធិបតីអាមេរិក និងជាបេក្ខជនប្រធានាធិបតីកំពុងនាំមុខគេ ក្នុងបក្សប្រជាធិបតេយ្យ លោក ចូន បៃដិន (Joe Biden)។
យ៉ាងណាក៏ដោយ ឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មានថា តើលោកអាចនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ដើម្បីជាថ្នូរឱ្យចិនបើកការស៊ើបអង្កេតលើបទពុករលួយ ប្រឆាំងលោក Biden និងកូនប្រុស ដែរឬទេ? ប្រធានាធិបតីអាមេរិករូបនេះបានឆ្លើយថា កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមពាណិជ្ជកម្មជាមួយចិន គឺមិនមានជាប់ពាក់ព័ន្ធនឹង
រឿងរបស់លោក Biden នោះទេ។ លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ដូច្នេះថា «ខ្ញុំចង់សម្រេចនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ប៉ុន្តែកិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីតែផលប្រយោជន៍ប្រទេសរបស់យើងប៉ុណ្ណោះ»។
កិច្ចចរចាពាណិជ្ជកម្មអាមេរិក-ចិន គ្រោងនឹងធ្វើឡើងជាថ្មីនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍ក្រោយនេះ ហើយជំនួបនេះទៀតសោត ធ្វើឡើងរវាងឧបនាយករដ្ឋមន្រ្តីចិន លោក លីវ ហេ (Liu He) និងតំណាងពាណិជ្ជកម្មអាមេរិក លោក រ៉ូប៊ឺត ឡៃធីហ្ស៊ឺ (Robert Lighthizer) រួមទាំងរដ្ឋមន្ត្រីរតនាគារជាតិអាមេរិកលោក ស្ទេវិន ម៉ានូឈីន (Steven Mnuchin) ក្នុងទីក្រុងវ៉ាស៊ីនតោន។
ដោយឡែក សមាជិកសភានៃគណបក្សប្រជាធិបតេយ្យ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានស្នើសុំឯកសារពីសេតវិមានហើយ ក្រោមក្របខណ្ឌនៃការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីដកលោក ដូណាល់ ត្រាំ ចេញពីតំណែងជាប្រធានាធិបតីអាមេរិក។ ឯកសារដែលក្រុមសមាជិកសភាទាំងនេះចង់បានគឺមានជាប់ពាក់ព័ន្ធនឹងកិច្ចសន្ទនារវាង លោក ត្រំា និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅ។
នៅក្នុងកិច្ចសន្ទនានេះលោក ដូណាល់ ត្រាំ ត្រូវបានគេចោទថា បានដាក់សម្ពាធឱ្យលោក Zelensky បើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹងលោក Joe Biden និងកូនប្រុស ខណៈបក្សប្រជាធិបតេយ្យចាត់ទុកថា នេះគឺជាទង្វើស្នើឱ្យបរទេសលូកដៃចូលក្នុង កិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០។ ប៉ុន្តែលោក ត្រាំ បានបដិសេធរាល់ការចោទប្រកាន់ ហើយថាលោកមិនខ្លាចការស៊ើបអង្កេតឡើយ៕