(ញូដេលី)៖ ក្រុមអ្នកជំនាញបានអះអាងថា ប្រទេសឥណ្ឌាអាចឆ្លើយតបទៅនឹងការបង្កើនសមត្ថភាព និងចំនួនគ្រាប់មីស៊ីលលឿនជាងសំឡេង អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន តាមរយៈការចាប់យកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ អាវុធប្រភេទនេះជាមួយនឹងប្រទេសរុស្ស៊ី ដូចដែលខ្លួនធ្លាប់បានធ្វើកាលពីជំនាន់អភិវឌ្ឍន៍គ្រាប់មីស៊ីល ប្រាហ៍ម៉ូស (BrahMos) ដូច្នោះដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩។
អ្នកជំនាញផ្នែកយុទ្ធសាស្ត្រឥណ្ឌាមួយរូប គឺលោក ប្រាវីន សូណី (Pravin Sawhney) បានរៀបរាប់ប្រាប់កាសែតឥណ្ឌាមួយថា «ការចូលរួមអភិវឌ្ឍន៍កម្មវិធីផលិតមីស៊ីល BrahMos រវាងឥណ្ឌា និងរុស្ស៊ី គឺពិតជាគំរូដ៏ប្រសើរមួយសម្រាប់ការអភិវឌ្ឍគ្រាប់មីស៊ីល ដែលមានល្បឿនលឿនជាងសំឡេង ហើយវាក៏ជាឱកាសដែលអាចឲ្យប្រទេសធំៗទាំងពីរ ពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរឡើងផងដែរ»។ លោកបានសង្កត់ធ្ងន់ទៀតថា គ្រាប់មីស៊ីលលឿនជាងសំឡេង (Hypersonic Missile លឿនជាងសំឡេង ៥ដង ឬជាង៦ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង) នឹងផ្លាស់ប្តូររបៀបនៃការលេងល្បែងសង្គ្រាម។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាហាក់កំពុងតែមានការព្រួយបារម្ភ ចំពោះការរីកចំរើនផ្នែកសព្វាវុធ ដ៏ឆាប់រហ័សរបស់ប្រទេសចិន ដែលស្ថិតនៅជាប់របង និងកំពុងមានជម្លោះព្រំដែនជាមួយគ្នាទៀតនោះ។ ថ្មីៗនេះនៅក្នុងខួប ៧០ឆ្នាំ នៃការបង្កើតសាធាណរដ្ឋប្រជាមានិតចិន សព្វាវុធទំនើបៗចុងក្រោយជាច្រើន ត្រូវបានដាក់តាំងបង្ហាញឲ្យអន្តរជាតិបានឃើញ ជាពិសេសនោះគឺគ្រាប់មីស៊ីល តុងហ្វេង ១០០ (DF-100) ដែលមានសមត្ថភាពហោះលឿនជាងសំឡេង និងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ព្រមទាំង តុងហ្វេង ១៧ (DF-17) ដែលជាប្រភេទមីស៊ីលចង្អុលប្រាប់ទិស និងមានសមត្ថភាពហោះបានចម្ងាយ ២,០០០គីឡូម៉ែត្រជាដើម៕