(វ៉ាស៊ីនតោន)៖ សមាជិកសភានៃគណបក្សប្រជាធិបតេយ្យ បានស្នើសុំឯកសារពីសេតវិមានហើយ ក្រោមក្របខណ្ឌនៃការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីដកលោក ដូណាល់ ត្រាំ ចេញពីតំណែងជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩។

ការស្នើសុំរបស់សមាជិកសភាបក្សប្រជាធិបតេយ្យ ធ្វើឡើងបន្ទាប់ពីសេតវិមាន មិនបានផ្ដល់ឯកសារដែលពួកគេស្នើសុំ តាមរយៈលិខិតមួយកាលពីថ្ងៃទី០៩ ខែកញ្ញាកន្លងទៅ។ ឯកសារដែលក្រុមសមាជិកសភាទាំងនេះចង់បាន គឺមានជាប់ពាក់ព័ន្ធនឹងកិច្ចសន្ទនារវាងលោក ត្រំា និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ (Volodymyr Zelensky) កាលពីថ្ងៃទី២៥ ខែកក្កដា កន្លងទៅ។

នៅក្នុងកិច្ចសន្ទនានេះលោក ដូណាល់ ត្រាំ ត្រូវបានគេចោទថា បានដាក់សម្ពាធឱ្យលោក Zelensky បើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹងលោក ចូ បៃដិន (Joe Biden) និងកូនប្រុស ហើយក្រោយបែកធ្លាយរឿងអាស្រូវនេះ លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាសហរដ្ឋអាមេរិក បានប្រកាសបើកការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីដកលោក ត្រាំ ចេញពីតំណែង។ ប៉ុន្តែលោក ត្រាំ បានបដិសេធរាល់ការចោទប្រកាន់ ហើយថាលោកមិនខ្លាចការស៊ើបអង្កេតឡើយ។

ខាងក្រោមនេះគឺជាសំណួសំខាន់ទាំង ៤ ជុំវិញរឿងអាស្រូវរវាងលោក ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន៖

១៖ តើហេតុអ្វីបានជាលោក ដូណាល់ ត្រាំ ត្រូវបានគេស៊ើបអង្កេត?

កាលពីខែសីហាកន្លងទៅ អ្នកទម្លាយរឿងអាស្រូវម្នាក់ ឬភាសាអង់គ្លេសហៅថា whistleblower បានចោទប្រកាន់ថា លោក ដូណាល់ ត្រាំបានប្រើប្រាស់អំណាចរបស់លោក​ដោយស្នើឱ្យលោក Zelensky បើកការស៊ើបអង្កេតពីបទពុករលួយ ប្រឆាំងនឹងលោក Joe Biden ដែលជាមនុស្សម្នាក់ត្រូវបានគេរំពឹងថា នឹងក្លាយគូប្រជែងរបស់លោក ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក​នៅឆ្នាំ២០២០។ ម្យ៉ាងវិញទៀត បើតាមអ្នកទម្លាយរឿងអាស្រូវម្នាក់នេះដដែល ការស្នើសុំនេះមានន័យស្មើនឹងស្នើឱ្យបរទេស លូកលាន់ក្នុងកិច្ចការបោះឆ្នោតអាមេរិក។

២៖ តើការប្រព្រឹត្តរបស់លោក ត្រាំ ដូចការចោទប្រកាន់ខាងលើនេះ គឺជាទង្វើខុសច្បាប់ឬ?

បើសិនជាគេរកឃើញថា លោក ដូណាល់ ត្រាំ ពិតជាធ្វើបែបនេះមែននោះវាពិតជាទង្វើខុសច្បាប់ ព្រោះការស្នើសុំឱ្យ បរទេសជួយដើម្បីឈ្នះនៅក្នុងការបោះឆ្នោត គឺជារឿងខុសច្បាប់រួចទៅហើយ។

៣៖ តើនឹងមានអ្វីកើតឡើងនៅពេលបន្ទាប់?

បើសិនជាគណបក្សប្រជាធិបតេយ្យ ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងសភាតំណាងរាស្រ្តអាមេរិក បោះឆ្នោតសម្រេចឲ្យមានការចោទប្រកាន់លើលោក ដូណាល់ ត្រាំ នោះការសម្រេចចិត្តនេះត្រូវបញ្ជូនទៅព្រឹទ្ធសភា ដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ ដើម្បីសម្រេចចិត្តចុងក្រោយ ហើយវានឹងក្លាយជាលទ្ធផលដ៏ពិបាកស្មានមួយ។

៤៖ តើលោក ដូណាល់ ត្រាំ អាចនឹងត្រូវបានគេដកតំណែងឬទេ?

ដើម្បីចោទប្រកាន់ប្រឆាំងនឹងលោក ដូណាល់ ត្រាំ ព្រឹទ្ធសភាត្រូវការសំឡេងពីរភាគបី ប៉ុន្តែព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ប្រហែលជានឹងមិនធ្វើបែបនេះឡើយ ព្រោះវាអាចនឹងធ្វើឱ្យខូចមុខមាត់បក្សទាំងមូល។

គួរបញ្ជាក់ថា នៅក្នុងប្រវត្តិសាស្ត្រអាមេរិក លោក អាន់ឌ្រូ ចនសុន (Andrew Johnson) និង លោក បៀល គ្លីនតុន (Bill Clinton) គឺជាប្រធានាធិបតីអាមេរិកតែពីរនាក់គត់ ដែលត្រូវបានគេដំណើរការនីតិវិធីចោទប្រកាន់ ឬចង់ទម្លាក់ចេញពីតំណែង (មិនទាន់បានទម្លាក់ទេ) ខណៈលោក រីឆាដ ណិចសុន (Richard Nixon) បានលាពីតំណែងដោយខ្លួនឯង ក្រោយរងការគំរាមកំហែងពីការដំណើរការនីតិវិធីនេះ។ មកទល់នឹងពេលនេះ មិនទាន់មានប្រធានាធិបតីអាមេរិកណាម្នាក់ត្រូវបានគេដកហូត ឬបណ្ដេញចេញពីតំណែងឡើយ៕

http://image.freshnewsasia.com/2019/fn-2019-10-05-11-12-52-3.jp