(ញូដេលី)៖ កងទ័ពអាកាសរបស់ប្រទេសឥណ្ឌា បានចេញបញ្ជាឲ្យបើកការស៊ើបអង្កេត លើឧប្បដិហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធាប្រភេទ Mi-17 កំឡុងពេលមានជម្លោះជាមួយប៉ាគីស្ថាននៅតំបន់កាស្មៀរ ហើយនៅទីបំផុតលទ្ធផលបានចេញមកហើយ នោះគឺវាជាកំហុសរបស់កងទ័ពឥណ្ឌាខ្លួនឯងតែម្តង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាល្ងាចថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីញូដេលី អគ្គមេបញ្ជាការកងទ័ពអាកាសឥណ្ឌា លោក ម៉ាសាល បាដូរៀ (Marshal Bhadauria) បានទទួលស្គាល់យ៉ាងដូច្នេះថា «វាជាកំហុសរបស់យើង ព្រោះគ្រាប់មីស៊ីលរបស់យើងបានផ្លោងទៅចំឧទ្ធម្ភាគចក្រខ្លួនឯង។ យើងនឹងចាត់វិធានការចំពោះមន្ត្រីទ័ពទាំងពីររូប ដែលបានបង្ករឿងនេះឡើង។ យើងទទួលស្គាល់ថា នេះជាកំហុសដ៏ធំរបស់យើង ហើយយើងក៏សូមធានាផងដែរថា នឹងមិនឲ្យមានកំហុសបែបនេះ កើតមានឡើងម្តងទៀតឡើយ...»។
គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធាប្រភេទ Mi-17 ត្រូវបានបាញ់ទម្លាក់មួយថ្ងៃ បន្ទាប់ពីជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌានៅតំបន់កាស្មៀរផ្ទុះឡើង កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។ មន្ត្រីទ័ពអាកាសឥណ្ឌាដែលទទួលបន្ទុករឿងនេះ ពីដំបូងឡើយបានអះអាងថា យន្តហោះចម្បាំង F-16 របស់ប៉ាគីស្ថានគឺជាអ្នកបាញ់ទម្លាក់ ប៉ុន្តែក្រោយពីមានការសង្ស័យ និងបើកការស៊ើបអង្កេតទើបទ័ពអាកាសរកឃើញថា តាមពិតឧទ្ធម្ភាគចក្រយោធា Mi-17 របស់ខ្លួនត្រូវបានគ្រាប់មីស៊ីល ដែលឥណ្ឌាទិញពីអ៊ីស្រាអែលបុកចំ៕