(ម៉ូស្គូ)៖ ភាពក្តៅគគុកចេះតែកើនឡើងជាលំដាប់ នៅតំបន់សមុទ្រទឹកកកអាក់ទិច នៃប៉ូលខាងជើងភពផែនដី ខណៈមហាអំណាចនានាកំពុងតែប្រជែងឥទ្ធិពលគ្នា ជាពិសេសរុស្ស៊ីដែលជាប្រទេសមានព្រំដែនមួយផ្នែកធំជាប់សមុទ្រនេះតែម្តង ក៏បាននិងកំពុងត្រៀមអ្វីៗគ្រប់យ៉ាង ដើម្បីទប់ទល់ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «ការងារកសាងស្ថានីយរ៉ាដាថ្មីកំពុងតែបន្តទៅមុខ ដើម្បីសម្រេចឲ្យបាននូវបណ្តាញផ្តល់សារ ព្រមានអំពីគ្រាប់មីស៊ីលជាមុនចំនួនពីរគ្រឿង (Missile Early Warning Network) សម្រាប់តំបន់កូមី (Komi) និងម៉ឺមាំង (Murmansk) ស្ថិតនៅចុងភាគខាងជើងរុស្ស៊ីជាប់សមុទ្រទឹកកកអាក់ទិច។ កិច្ចការងារទាំងនេះ នឹងត្រូវបញ្ចប់តាមការគ្រោងទុកនៅឆ្នាំ២០២២»។
គួរបញ្ជាក់ថា បណ្តាញផ្តល់សារព្រមាន ឬមានឈ្មោះជាផ្លូវការថា ប្រព័ន្ធរ៉ាដាវ៉ូរ៉ូណេស (Voronezh) នេះត្រូវបានផលិត និងបំពាក់ចំនួន ០៧គ្រឿងរួចមកហើយ ដើម្បីបំពាក់លើទីតាំងសំខាន់ៗនៅទូទាំងប្រទេសរុស្ស៊ី។ ចំណាត់ការរបស់ប្រទេសរុស្ស៊ី គឺជាការឆ្លើយតបទៅនឹងការប្រជែងឥទ្ធិពលគ្នា រវាងមហាអំណាចធំៗនៅតំបន់សមុទ្រទឹកកកអាក់ទិច៕