(អ៊ុយក្រែន)៖ អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោក Ruslan Ryaboshapka បានឱ្យដឹងថាលោក Hunter Biden ដែល ជាកូនប្រុសរបស់អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden និងក្រុមហ៊ុនថាមពលអ៊ុយក្រែន Burisma ទំនងជាអាចមានជាប់ពាក់ព័ន្ធក្នុងបទល្មើសចំនួន១៥ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នៅថ្ងៃសុក្រនេះ លោក Ryaboshapka បានលើកឡើងដូច្នេះថា៖ «តាមរយៈការវិនិច្ឆ័យដែលយើងបានដឹង គឺមានបទល្មើសចំនួន១៥ករណី ដែលទំនងជាអាចពាក់ព័ន្ធនឹងក្រុមហ៊ុន Burisma, ឬលោក (Hunter) Biden, ឬលោក Zlochevsky, ឬក៏លោក Kurchenko។ ប៉ុន្តែ បច្ចុប្បន្ន ខ្ញុំមិន អាចបញ្ជាក់បានថាទាំងនេះសុទ្ធតែជានិតិវិធីច្បាប់ដែលយើងដឹង ឬកំពុងស្វែងយល់នោះទេ ខណៈការត្រួតពិនិត្យ កំពុងធ្វើឡើងនៅឡើយ»។ លើសពីនេះទៅទៀត អគ្គរដ្ឋអាជ្ញាអ៊ុយក្រែនរូបនេះ ក៏បានអះអាងថាដែរថាលោកមិន បានទទួលរងសម្ពាធពីនរណាម្នាក់ឡើយ។
គួរជម្រាបថា កាលពីឆ្នាំ២០១៦ លោក Joe Biden ដែលជាអតីតអនុប្រធានាធិបតីអាមេរិក ហើយបច្ចុប្បន្នគឺជា បេក្ខជនប្រធានាធិបតីអាមេរិកនៃគណបក្សប្រជាធិបតេយ្យម្នាក់ផងនោះ ធ្លាប់បានទទួលស្គាល់ថាលោកបានគំរាម លុបចោលជំនួយកម្ចីជាង ១ពាន់លានដុល្លារឱ្យអាជ្ញាធរអ៊ុយក្រែន បើសិនជាទីក្រុងគៀវ មិនព្រមបណ្ដេញរដ្ឋអាជ្ញា អ៊ុយក្រែនម្នាក់ ដែលកាន់កាប់សំណុំរឿងប្រឆាំងកូនប្រុសរបស់លោក ចេញពីតំណែង ទេនោះ។
ដោយឡែក លោក ដូណាល់ ត្រាំ ក៏កំពុងប្រឈមមុខនឹងការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីដកតំណែង ប្រធានាធិបតីពីសំណាក់គណបក្សប្រជាធិបតេយ្យផងដែរ ដោយសារតែសំណុំរឿងនេះ។ ពោលគឺលោក ត្រាំ ត្រូវបានគេចោទថា បានគំរាមប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ឱ្យបើកការស៊ើបអង្កេតពី បទពុករលួយប្រឆាំងនឹងលោក Joe Biden ដែលត្រូវបានគេមើលឃើញថានឹងក្លាយជាគូប្រជែង ដ៏មានសក្ដានុពលម្នាក់របស់លោក នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២០ខាងមុខនេះ៕