(ហុងកុង)៖ រដ្ឋាភិបាលទីក្រុងហុងកុងត្រូវបានគេរំពឹងថា នឹងពិភាក្សានៅថ្ងៃសុក្រនេះពីការអនុវត្តច្បាប់បន្ទាន់មួយ ក្នុងនោះរួមមានទាំងការហាមបាតុករ ពាក់ម៉ាស់បិទមុខកំឡុងធ្វើបាតុកម្ម ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩។
ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍ខាងលើដោយផ្អែកលើប្រភពចំនួនពីរ ដែលខ្លួនទទួលបាន ខណៈបាតុកម្មតវ៉ារបស់ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ គ្រោងនឹងធ្វើឡើងជាថ្មីនៅថ្ងៃសុក្រនេះ។ ម្យ៉ាងវិញទៀតបាតុកម្មតវ៉ានេះទៀតសោត ធ្វើឡើងដើម្បីប្រឆាំងនឹងច្បាប់ហាមពាក់ម៉ាស់បិទមុខក្នុងពេលសម្ដែងការតវ៉ា ព្រមទាំងសំណុំរឿងប៉ូលិសហុងកុងបាញ់បាតុករម្នាក់ឱ្យរបួសផងដែរ។
គួរបញ្ជាក់ថា បាតុករក្រុងហុងកុងបានផ្ទុះកំហឹងយ៉ាងខ្លាំង បន្ទាប់ពីបាតុករម្នាក់អាយុ ១៨ឆ្នាំ ត្រូវបានប៉ូលិសម្នាក់បាញ់ឱ្យរបួសធ្ងន់ចំដើមទ្រូង កាលពីថ្ងៃអង្គារកន្លងទៅ។ ប៉ុន្តែខាងប៉ូលិសអះអាងថា ការប្រើប្រាស់គ្រាប់កាំភ្លើងពិត ដោយសារតែប៉ូលិសរូបនោះរងការវាយប្រហារ និងដើម្បីការពារខ្លួនតែប៉ុណ្ណោះ៕