(បាកដាដ)៖ គណកម្មាការជាន់ខ្ពស់អ៊ីរ៉ាក់សម្រាប់សិទ្ធិមនុស្សបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៩នាក់បានស្លាប់, ១,០៤១នាក់រងរបួស និង ៦២នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន នៅក្នុងបាតុកម្មតវ៉ាដ៏ហិង្សាចាប់តាំងពីថ្ងៃអង្គារមក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩។
បាតុកម្មតវ៉ានៅក្នុងប្រទេសអ៊ីរ៉ាក់បានផ្ទុះឡើងតាំងតែពីថ្ងៃអង្គារមកម្ល៉េះ ហើយបច្ចុប្បន្ននេះបាន និងកំពុងរីករាលដាលកាន់តែកាន់ខ្លាំងនៅក្នុងរដ្ឋធានីបាកដាដ ជាទីដែលបាតុករជាង ៤,០០០នាក់នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក អាឌែល អាប់ឌុល ម៉ាហ៍ឌី (Adel Abdul Mahdi)។ ក្រុមបាតុករទាំងនេះនាំគ្នាធ្វើបាតុកម្មតវ៉ា ដើម្បីសម្ដែងការខឹងសម្បារនឹងអំពើពុករលួយ, វិបត្តិគ្មានការងារធ្វើ ព្រមទាំងទាមទារជីវិតរស់នៅតាមបែបស្ដង់ដារសមរម្យ។
ជុំវិញវិបត្តិខាងនេះដែរ ក្រុមអ្នកជំនាញជាច្រើនដូចជាលោក ការីម វ៉ាសហ្វី (Karim Wasfi) បានវាយតម្លៃថា រដ្ឋប្រហារអាចនឹងផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់ បើសិនជារដ្ឋាភិបាលមិនព្រម ឬមិនអាចដោះស្រាយបញ្ហា ហើយនៅតែបន្តការគាបសង្កត់ ឬប្រើហិង្សាកាន់តែខ្លាំងលើក្រុមបាតុករ។
លោក Karim បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik យ៉ាងដូច្នេះថា «ខ្ញុំគិតថាវិបត្តិសព្វថ្ងៃគឺរឿងមួយដាច់ដោយឡែក ពោលគឺបាតុកម្មតវ៉ានៅពេលនេះ មិនដូចគ្នាទៅនឹងបាតុកម្មតវ៉ាកាលពីលើកមុនៗឡើយ... ដូច្នេះខ្ញុំយល់ថា ប្រជាជនអ៊ីរ៉ាក់អាចនឹងទទួលយកគំនិតធ្វើរដ្ឋប្រហារ បើបញ្ហាមិនត្រូវបានដោះស្រាយ ហើយការគាបសង្កត់ ឬការ បង្រ្កាបលើបាតុកម្មកាន់តែមានសភាពធ្ងន់ធ្ងរ»។
គួរបញ្ជាក់ថា ដើម្បីបន្សាបកំហឹងបាតុករ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Adel Abdul Mahdi កាលពីថ្ងៃពុធកន្លងទៅបានចេញសេចក្ដីថ្លែងការណ៍មួយថា រដ្ឋាភិបាលទីក្រុងបាដាដកំពុងរៀបចំជំនួបជាមួយក្រុមអ្នកតំណាងបាតុករ ដើម្បីពិភាក្សា និងពិចារណាទទួលសំណើសមស្របរបស់បាតុករ។ ទោះបីជាសង្គ្រាមហាក់ស្ងប់ស្ងាត់បន្តិចមែន តែអ៊ីរ៉ាក់នៅតែទទួលភាពអសន្តិសុខខ្លាំងដដែល ជាពិសេសការបំផ្ទុះគ្រាប់បែក និងចលនា ISIS ក៏អាចវិលមកអុកឡុកខ្លាំងឡើងវិញ៕