(វ៉ាស៊ីនតោន)៖ លោក រីក ភែរី (Rick Perry) ត្រូវបានគេរំពឹងថា នឹងប្រកាសលាលែងចេញពីតំណែង ជារដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈសហរដ្ឋអាមេរិកកំពុងកើតមានភាពតានតឹងខ្លាំង ជុំវិញបញ្ហាអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Politico នាព្រឹកថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩។

សារព័ត៌មាន Politico ចេញផ្សាយរឿងនេះ ក្រោយទទួលបានប្រភពពីមនុស្សចំនួនបីរូប ដែលស្និទ្ធនឹងបញ្ហាខាងលើ ដោយក្នុងនោះពួកគេក៏បានបញ្ជាក់ផងដែរថា អនុរដ្ឋមន្ត្រីថាមពលលោក ដេន ប្រូអ៊ីលឡេត (Dan Brouillette) អាចនឹងត្រូវឡើងជំនួសតំណែងលោក Rick Perry ឬយ៉ាងហោចណាស់ក៏ត្រូវកាន់តំណែងនេះ បណ្តោះអាសន្នផងដែរ មុននឹងអ្នកថ្មីទៀតត្រូវបានជ្រើសតាំងជាផ្លូវការដោយលោក ត្រាំ។

គួរបញ្ជាក់តាមសារព័ត៌មាន Politico ទៀតថា គំរោងលាលែងពីតំណែងរបស់លោក រដ្ឋមន្ត្រីថាមពលអាមេរិក Rick Perry មិនមានជាប់ពាក់ព័ន្ធចំពោះការរៀបចំនីតិវិធី ដោយសមាជិកសភាបក្សប្រជាធិបតេយ្យ ដែលគ្រោងកោះហៅលោកឲ្យទៅផ្តល់សក្ខីកម្ម ជុំវិញកិច្ចសន្ទនារវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែននោះឡើយ៕