(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់ដូចជាមិនខ្វល់ឡើយចំពោះ ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ជាមួយការបញ្ជាក់ថាកិច្ចចរចាជាមួយទីក្រុងព្យុងយ៉ាង នឹងធ្វើឡើងតាមគ្រោងទុកនៅថ្ងៃទី០៥ ខែតុលា ស្អែកនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះគឺជាប្រតិកម្មជាលើកដំបូង បន្ទាប់ពីកូរ៉េខាងជើង អះអាងថាខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវប្រភេទមីស៊ីលបាញ់ចេញពីនាវាមុជទឹកមួយ គ្រាប់ កាលពីថ្ងៃពុធ កន្លងទៅ។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ត្រាំ បានលើកឡើងដូច្នេះថា៖ « ពួកគេ (កូរ៉េខាងជើង) ចង់ជួបចរចា ដូច្នេះយើងនឹងជួបចរចាជាមួយពួកគេ ហើយយើងនឹងបានឃើញថា នឹងមានអ្វីកើតឡើង»។

គួរជម្រាបថា កូរ៉េខាងជើង កាលពីថ្ងៃពុធកន្លងទៅ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ចេញពីនាវាមុជទឹក។ ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយប្រាប់ទីក្រុងព្យុងយ៉ាង ឱ្យឈប់បង្ករឿង សហរដ្ឋអាមេរិកក៏បានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលបាលិស្ទីគអន្តរទ្វីបផងដែរ៕