Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បារាំង៖ ករណីចាក់សម្លាប់មនុស្សក្នុងទីស្នាក់ការប៉ូលិសនៅទីក្រុងប៉ារីស បណ្តាលឲ្យប៉ូលិស៤នាក់ស្លាប់ (Video inside)

03-10-2019 21:57

(ប៉ារីស)៖ ហេតុការណ៍ចាក់សម្លាប់មនុស្សយ៉ាងកក្រើកមួយ បានកើតមានឡើងនាថ្ងៃព្រហស្បតិ៍នេះ នៅទីស្នាក់ការកណ្តាលរបស់ ប៉ូលិសនៃទីក្រុងប៉ារីសប្រទេសបារាំង ដែលជាលទ្ធផលមន្រ្តីប៉ូលិសបារាំងយ៉ាងតិច៤នាក់បានបាត់បង់ជីវិត។ នេះបើតាមការដក ស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៩។

ជនដៃដល់ដែលត្រូវគេអះអាងថា ជាបុគ្គលិកបម្រើការងារផ្នែករដ្ឋបាលនៅក្នុងទីស្នាក់ការប៉ូលិសនោះផ្ទាល់ ត្រូវបានកម្លាំងប៉ូលិស បារាំងបាញ់សម្លាប់ភ្លាមៗផងដែរ។ យ៉ាងណាមិញ ពុំទាន់មានការបញ្ជាក់ច្បាស់ពីចេតនា នៅពីក្រោយសកម្មភាពវាយប្រហារនេះ នៅឡើយទេ។ ជាបឋមក្រុមអ្នកស៊ើបអង្កេត បានដាក់ការសង្ស័យថា ករណីនេះបង្កឡើងដោយជម្លោះកន្លែងការងារ ជាជាងទង្វើ ភេរវកម្ម។

គួរជម្រាបថា ទីស្នាក់ការកណ្តាលរបស់ប៉ូលិសប្រចាំទីក្រុងប៉ារីស ស្ថិតលើកោះអ៊ីលដឺឡាស៊ីតេ (Il de la Cite) នៅកណ្តាលក្រុង ប៉ារីសក្បែរព្រះវិហារបុរាណ Notre Dame។ ក្រោយពីបានទទួលដំណឹងអាក្រក់ខាងលើ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ព្រមទាំងរដ្ឋមន្រ្តីមហាផ្ទៃបារាំង បាន ធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យស្ថានការណ៍ដោយផ្ទាល់៕