(ម៉ូស្គូ)៖ របាយការណ៍ថ្មីចុងក្រោយត្រូវបានទម្លាយឲ្យដឹងថា ក្រសួងការបរទេសអាមេរិកបានបន្តការព្រមានទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួន មិនឲ្យទិញសព្វាវុធពីប្រទេសរុស្ស៊ីនោះឡើយ ជាពិសេសគឺប្រព័ន្ធការពារមីស៊ីល S-400 បើមិនដូច្នោះទេពួកគេនឹងទទួលរងទណ្ឌកម្មពីទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែប្រទេសឥណ្ឌាវិញហាក់មិនបញ្ឈប់សកម្មភាពទិញពីរុស្ស៊ីឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៩។
សារព័ត៌មាន Hindu របស់ឥណ្ឌាបានចេញផ្សាយតាមសម្តីអ្នកនាំពាក្យ នៃក្រសួងការបរទេសអាមេរិកយ៉ាងដូច្នេះថា «យើងជម្រុញឲ្យបណ្តាសម្ព័ន្ធមិត្ត និងដៃគូរបស់យើងទាំងអស់ បញ្ឈប់ការធ្វើប្រតិបត្តិការ (កិច្ចព្រមព្រៀងទិញសព្វាវុធ) ជាមួយរុស្ស៊ី ដែលជាការប្រថុយនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក តាមរយៈច្បាប់ CAATSA ដែលត្រូវបានអនុម័តកន្លងមក»។
យ៉ាងណាក៏ដោយកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីកិច្ចការបរទេសឥណ្ឌាលោក ស៊ូប្រាហ៍ម៉ាន់យ៉ាម ចៃហ្សាងការ (Subrahmanyam Jaishankar) បានបញ្ជាក់ប្រាប់អាមេរិកថា ការទិញសព្វាវុធណាមួយរបស់ប្រទេសឥណ្ឌា គឺសិទ្ធិ និងអធិបតេយ្យភាពរបស់ឥណ្ឌា ហើយសហរដ្ឋអាមេរិកគួរតែយល់អំពីឥណ្ឌា ក្នុងការសម្រេចចិត្តទិញប្រព័ន្ធការពារមីស៊ីល S-400 ពីប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាដែលត្រូវបានទីក្រុងវ៉ាស៊ីនតោន ចាត់ទុកជាដៃគូយុទ្ធសាស្ត្រក្នុងការទប់ទល់ឥទ្ធិពលចិនក្នុងតំបន់អាស៊ីនោះ បានចុះហត្ថលេខាជាមួយរុស្ស៊ីក្នុងទឹកប្រាក់ ៥.៤៣ពាន់លានដុល្លារ ដើម្បីទទួលបានប្រព័ន្ធការពារដែនអាកាស S-400 ចំនួន ០៥គ្រឿង បើទោះបីជាត្រូវប្រឈមមុខទណ្ឌកម្ម ដូចមានចែងក្នុងច្បាប់ CAATSA របស់សហរដ្ឋអាមេរិក ដែលត្រូវបានអនុម័តឡើងដើម្បីប្រឆាំងសម្ព័ន្ធមិត្តណា ដែលទិញសព្វាវុធពីរុស្ស៊ីនោះក៏ដោយ។
មិនត្រឹមតែប្រទេសឥណ្ឌានោះឡើយ បណ្តាប្រទេសមួយចំនួនទៀតដែលមានទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយអាមេរិកជាពិសេសគឺតួកគីតែម្តង ក៏បានទិញប្រព័ន្ធការពារមីស៊ីល S-400 ពីរុស្ស៊ីរួចរាល់ហើយដែរ ខណៈទីក្រុងវ៉ាស៊ីនតោនបានតបស្នងទៅតួកគីវិញ តាមរយៈការព្យួរសិទ្ធិប្រទេសនេះ ពីកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំងបំបាំងកាយ F-35 ប៉ុន្តែតួកគីនៅតែបន្តការតវ៉ារបស់ខ្លួន ជុំវិញការដាក់ទណ្ឌកម្មរបស់អាមេរិក៕