(ព្រុចសែល)៖ តុលាការនៅក្នុងសហភាពអឺរ៉ុប អាចបង្គាប់ឱ្យក្រុមហ៊ុន Facebook លុបចោល ការបញ្ចេញមតិ ឬ comment របស់អ្នកប្រើប្រាស់ទូទាំងពិភពលោក នៅក្នុងករណីដែលការបញ្ចេញមតិ ទាំងនោះត្រូវបានចាត់ទុកថាខុសច្បាប់។ នេះបើតាមតុលាការជាន់ខ្ពស់សហភាពអឺរ៉ុប ដកស្រង់ចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ តុលាការជាន់ខ្ពស់សហភាពអឺរ៉ុប បានគូសបញ្ជាក់ដូច្នេះថា៖ « តុលាការនៅក្នុងសហភាពអឺរ៉ុប អាចបង្គាប់ឱ្យអ្នកផ្ដល់សេវាកម្មដូចជា Facebook លុបចោលការបញ្ចេញមតិទាំងឡាយណា ដែលត្រូវបានចាត់ទុកថាខុសច្បាប់»។
គួរបញ្ជាក់ថា ការលើកឡើងរបស់តុលាការជាន់ខ្ពស់សហភាពអឺរ៉ុប ធ្វើឡើងបន្ទាប់ពីអ្នកនយោបាយ អូទ្រីស លោកស្រី Eva Glawisching-Piesczek បានដាក់ពាក្យប្ដឹងទៅតុលាការអូទ្រីស ដើម្បីស្នើឱ្យ លុបចោលការបញ្ចេញមតិនៅលើមាតិការមួយ បង្ហោះលើ Facebook ពាក់ព័ន្ធនឹងលោកស្រី ហើយ លោកស្រីផ្ទាល់ត្រូវបានអ្នកលេង Facebook ខ្លះប្រមាថ និងបរិហាក្កេរិ៍៕