(ហុងកុង)៖ ទីក្រុងហុងកុងអាចនឹងអនុវត្តច្បាប់គ្រាអាសន្នមួយ ដែលមានគោលដៅហាមក្រុមបាតុករពាក់ម៉ាស់បិទមុខ កំឡុងធ្វើបាតុកម្ម ខណៈអាជ្ញាធរកំពុងទប់ទល់នឹង បាតុកម្មតវ៉ាលាយឡំជាមួយអំពើហិង្សា អស់រយៈពេលជាង ៤ខែមកនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៩។
ក្រុមបាតុករជាច្រើនបានពាក់ម៉ាស់បិទមុខ ដើម្បីលាក់បាំងអត្តសញ្ញាណ និងការពារការបាញ់ ឧស្ម័នបង្ហូរទឹកភ្នែករបស់អាជ្ញាធរ។ ជាក់ស្ដែងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្ដង ក្រុមបាតុករជាច្រើននាក់បានប៉ះទង្គិចគ្នាជាថ្មីជាមួយប៉ូលិសហុងកុង ដើម្បីបង្ហាញការខឹងសម្បាររបស់ពួកគេ ទៅនឹងប៉ូលិសហុងកុង ដែលបានបាញ់បាតុករម្នាក់អាយុ ១៨ឆ្នាំ ឱ្យរបួសធ្ងន់ចំដើមទ្រូង ខណៈបាតុករច្រើនជាង ១៨០នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារកន្លងទៅ។
គួរជម្រាបថា នៅក្នុងបាតុកម្មតវ៉ានៅថ្ងៃព្រហស្បតិ៍នេះ ក្រុមបាតុករពាក់ម៉ាស់ខ្មៅ ក៏បានគប់ដបសាំងលើប៉ូលិសផងដែរ ជាហេតុធ្វើឱ្យប៉ូលិសត្រូវបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកពួកគេ៕