(វ៉ាស៊ីនតោន)៖ អតីតអនុបប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងមិនអាចបំផ្លាញរូបលោកបានឡើយ ខណៈអ្នកទាំងពីរកំពុងមានភាពចម្រូងចម្រាស់នឹងគ្នា ជុំវិញការបែកធ្លាយកិច្ចសន្ទនាសំងាត់រវាងលោក ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៩។
លោក Joe Biden ដែលបច្ចុប្បន្នគឺជាបេក្ខជនប្រធានាធិបតី កំពុងនាំមុខគេក្នុងបក្សប្រជាធិបតេយ្យ ធ្វើការកត់សម្គាល់ខាងលើតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ ហៅលោកថា ជាជនពុករលួយ។ លោក Biden បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំនឹងមិនរត់ទៅណាឡើយ។ អ្នក (លោក ត្រាំ) នឹងមិនអាច បំផ្លាញខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំបានឡើយ ហើយខ្ញុំមិនខ្វល់ឡើយថាអ្នកចំណាយលុយប៉ុន្មាន ឬប្រើវិធីស្មោកគ្រោកអ្វីដើម្បីវាយប្រហារលើខ្ញុំ»។
គួរបញ្ជាក់ថា នេះគឺជាលើកដំបូងបំផុតដែលលោក ត្រាំ និងលោក Biden ផ្លោងសម្ដីដាក់គ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចសន្ទនាសំងាត់រវាងប្រធានាធិបតីអាមេរិករូបនេះ និងប្រធានាធិបតីអ៊ុយក្រែនបែកធ្លាយនាពេលថ្មីៗនេះ។ នៅក្នុងកិច្ចសន្ទនាលោក ត្រាំ ត្រូវបានគេចោទថា បានគំរាមឱ្យអ៊ុយក្រែនស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹងលោក Biden និងកូនប្រុសឈ្មោះ ហាន់ធើ (Hunter)។ មិនតែប៉ុណ្ណោះដោយសារតែរឿងនេះ សមាជិកសភាបក្សប្រជាធិបតេយ្យក៏បានបើកការស៊ើបអង្កេតមួយ ដើម្បីដំណើរការការនីតិវិធីចោទប្រកាន់លើលោក ត្រាំ ព្រមទាំងអាចឈានទៅដល់ការទម្លាក់លោក ចេញពីតំណែងផងដែរ៕