(កង់បេរ៉ា)៖ របាយការណ៍សិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា កាឡាក់ស៊ីដែលនៅក្បែរខាងយើងឈ្មោះ អាន់ដ្រូមេដា (Andromeda) ធ្លាប់មានប្រវត្តិលេបត្របាក់កាឡាក់ស៊ីដទៃទៀត អំឡុងប៉ុន្មានពាន់លានឆ្នាំកន្លងទៅនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៩។
ក្រុមអ្នកវិទ្យសាស្រ្តនៅក្នុងប្រទេសអូស្រ្តាលីទើបតែបានរកឃើញថា កាឡាក់ស៊ី Andromeda បានឆ្លងកាត់ការលេបត្របាក់លើកាឡាក់ស៊ីដទៃជាលើកដំបូង ប្រហែលជាកាលពី ១០ពាន់លានឆ្នាំមុននៅពេលវាទើបកកើតឡើង ហើយ ០៦ពាន់លានឆ្នាំក្រោយមក ព្រឹត្តិការណ៍លេបត្របាក់មួយចំនួនក៏បានកើតមានជាបន្តបន្ទាប់។
ការសិក្សាស្វែងយល់អំពីការឡាក់ស៊ី Andromeda ដែលមាន លក្ខណៈស្រដៀងនឹងកាឡាក់ស៊ី មាលគីវេយ៍ (Milky Way) របស់យើង គឺអាចជួយឲ្យពួកយើងស្វែងយល់ អំពីការកកើតក៏ដូចជាដំណើរវិវត្តន៍របស់កាឡាក់ស៊ីយើងផ្ទាល់ផងដែរ។
គួរជម្រាបថា កាឡាក់ស៊ី Andromeda និង Milky Way គឺជាកាឡាក់ស៊ីប្រភេទ Spiral ដែលមើលទៅមានរូបរាងដូចជាគូទខ្យង និងមានគម្លាតពីគ្នា ២.៥លានឆ្នាំពន្លឺ (មួយឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ) ហើយម៉ាសព្រមទាំងទំហំក៏ប្រហាក់ប្រហែលគ្នាដែរ។ អ្នកវិទ្យាសាស្រ្តបានធ្វើការព្យាករមើលឃើញថា ក្នុងចន្លោះពេលពី ៤.៥ ទៅ ០៥ពាន់លានឆ្នាំខាងមុខ កាឡាក់ស៊ីទាំងពីរនឹងបុកគ្នាសន្សឹមៗ៕