(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាមិនមានភស្ដុងតាងណាមួយបង្ហាញថាអ៊ីរ៉ង់ គឺជាអ្នកនៅពីក្រោយការវាយប្រហារលើរោងចក្រប្រេង នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នោះទេ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩។
លោក ពូទីន ធ្វើការអះអាងបែបនេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន់ រូហានី។ លោកប្រធានាធិបតីរុស្ស៊ី បានលើកឡើងដូច្នេះថា៖ « យើងពិតជាថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនេះ...ប៉ុន្តែយើងជំទាស់ទៅនឹងការទម្លាក់ការទទួលខុសត្រូវលើអ៊ីរ៉ង់ ពីព្រោះវាគ្មាន ភស្ដុតាងជាក់លាក់នោះទេ»។
គួរជម្រាបថា កាលពីថ្ងៃទី១៤ ខែកញ្ញា រោងចក្រប្រេងចំនួន២កន្លែង របស់ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Aramco បានរងការខូចខាតយ៉ាងដំណំ ក្រោយមានការវាយប្រហារដោយយន្ដហោះដ្រូន និងគ្រាប់មីស៊ីល ជាច្រើន។ ចំណែកឯ អារ៉ាប៊ីសាអូឌីត បារាំង សហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ សុទ្ធតែចោទថាអ៊ីរ៉ង់ ជាអ្នកនៅពីក្រោយខ្នងរឿងនេះ តែទីក្រុងតេហេរ៉ង់បានបដិសេធ៕