(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសឲ្យដឹងថា គ្មានភាពចាំបាច់អ្វីត្រូវធ្វើតេស្ត​ប្រព័ន្ធការពារមីស៊ីល-យន្តហោះចម្បាំងស៊េរីថ្មី S-500 និងបំពាក់វានៅលើទឹកដីស៊ីរីនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩។

ក្រសួងការពារជាតិរុស្ស៊ីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រព័ន្ធមីស៊ីល S-500 ត្រូវបានផលិតឡើងដើម្បីទប់ទល់គ្រាប់មីស៊ីលផ្លោង និងកម្ទេចគោលដៅវាយប្រហារពីលើ​ដែនអាកាសផ្សេងទៀត ដែលស្ថិតនៅរយៈចម្ងាយឆ្ងាយប៉ុណ្ណោះ...។ ដូច្នេះវាគ្មានភាពចាំបាច់អ្វី​ដែលត្រូវយកមកធ្វើតេស្ត និងប្រើប្រាស់នៅក្នុងប្រទេសស៊ីរីនោះឡើយ...។» ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាមថា រុស្ស៊ីគ្រោងនឹងធ្វើតេស្តរួចបំពាក់ប្រព័ន្ធ S-500 នៅលើទឹកដីស៊ីរី ដើម្បីបង្កើនកិច្ចការពារសម្ព័ន្ធមិត្តខ្លួនមួយនេះបន្ថែមទៀត។

គួរបញ្ជាក់ថា ប្រព័ន្ធការពារមីស៊ីល-យន្តហោះចម្បាំង S-500 គឺមិនទាន់លេចចេញជារូបរាង​ជាក់ស្តែងពេញលេញនៅឡើយទេ ដោយវាហាក់ស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយ ប៉ុន្តែអ្វីដែលគ្រប់គ្នាបានដឹងកន្លងមកនេះ គឺវានឹងមានសមត្ថភាពលើស S-300 និង S-400 ដាច់ឆ្ងាយតែម្តង។ បើតាមការសន្និដ្ឋានប្រព័ន្ធ S-500 នឹងមានសមត្ថភាពកម្ទេចគោលដៅ​វាយប្រហារពីរយៈចម្ងាយ ៦០០គីឡូម៉ែត្រ ហើយព្រមទាំងអាចចាប់សញ្ញាគ្រាប់មីស៊ីលម្តង​បានចំនួន ១០ ដែលហោះក្នុងល្បឿន ៧គីឡូម៉ែត្រក្នុងមួយវិនាទីទៀតផង៕